ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ បានជម្រាបជូន លោក-លោកស្រី ជាអភិបាលរាជធានី ខេត្ត និងលោក លោកស្រី ជាអភិបាលក្រុង ស្រុក ខណ្ឌ ជ្រាបថា ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលទើបប្រកាសចូលកាន់តំណែងថ្មីត្រូវរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ នៃអាណត្តិរបស់ខ្លួន ដើម្បីដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។
លើមូលដ្ឋាននេះ ដើម្បីឱ្យការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលាកំណត់ និងទទួលបានលទ្ធផលល្អប្រសើរ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំដល់ លោក-លោកស្រី អភិបាលរាជធានី ខេត្ត និងលោក លោកស្រី អភិបាល នៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌ ចាត់ចែងអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន។
ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការណែនាំ ជំរុញ និងគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល (២០២៥-២០២៧)៕