ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនយកទៅប្រគល់ជូនគ្រួសារសពក្មេងស្រី រងគ្រោះករណីសង្ស័យរំលោភសម្លាប់នៅស្រុកក្រគរ !

ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៤ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាយកទៅប្រគល់ជូនគ្រួសារសពក្មេងស្រីរងគ្រោះដោយសារករណីរំលោភសម្លាប់កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤នៅចំនុចក្នុងដីចំការស្វាយចន្ទីមួយកន្លែង ស្ថិតនៅភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អំណោយដែលលោកអភិបាលខេត្តយកទៅប្រគល់ជូនគ្រួសារសពក្មេងស្រីរងគ្រោះនៅគេហដ្ឋានដោយផ្ទាល់រួមមាន:អំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទឹកប្រាក់ចំនួន ៤ លានរៀល និង អង្ករចំនួន ១០០ គីឡូក្រាម។ក្រៅពីនោះថវិការបស់រដ្ឋបាលខេត្តពោធិ៍សាត់ចូលរួមក្នុងពិធីបុណ្យសពទឹកប្រាក់ចំនួន ២ លានរៀល និង ថវិការបស់មន្ទីរអប់រំយុវជន និង កីឡាចំនួន ១០ មុឺនរៀលផងដែរ។


នាឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានពាំនាំការសួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុតពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះក្រុមគ្រួសារនៃសពដែលបានបាត់បង់កូនស្រីជាទីស្រលាញ់ដែលត្រូវឃាតកររំលោភសម្លាប់យ៉ាងសាហាវព្រៃផ្សៃ និង អាណោចអាធមជាទីបំផុត។


សូមបញ្ជាក់ថា សាកសពក្មេងស្រីរងគ្រោះត្រូវបានគេប្រទះឃើញដេកស្លាប់នៅចំនុចដីចំការស្វាយចន្ទីមួយកន្លែងស្ថិតនៅភូមិខ្លាក្រពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង ០០ និង ៥ នាទីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៤សង្ស័យជាករណីរំលោភសម្លាប់។


ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះភឿង ស្រីល័ក្ខណ៍ ភេទស្រីអាយុ ១៦ ឆ្នាំជនជាតិខ្មែរជាសិស្សរៀនថ្នាក់ទី ១០។
ក្រោយការចុះពិនិត្យកោសល្យវិច័យពីសំណាក់ក្រុមគ្រូពេទ្យ និង មន្ត្រីនគរបាលជំនាញនៅកន្លែងកើតហេតុ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ករណីនោះអាចជាករណីឃាតកម្ម(សង្ស័យរំលោភសម្លាប់)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីវែកមុខឃាតករយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

To Top