ព័ត៌មានជាតិ

ទេសរដ្ឋមន្រ្តី លី ធុជ សរសើរសិង្ហបុរី ចំពោះការគាំទ្រ អនុវត្តរបស់អនុសញ្ញា ហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស

ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី៨ តុលា បានជួបប្រជុំជាមួយ លោក Mark Seah អនុតំណាងអចិន្រ្តៃយ៍ប្រទេសសិង្ហបុរី ប្រចាំអង្គការសហ ប្រជាជាតិ នៅបុរីញូយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ប្រទេសសិង្ហបុរី ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហភាពអឺរ៉ុប និងតំណាងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU) ។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការគាំទ្រ របស់ប្រទេសសិង្ហបុរី លើអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោតគាំទ្រ ក្នុងការអនុម័តអនុសញ្ញា ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រែង របស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងអត្ថប្រយោជន៍នានា ដែលទទួលបានបន្ទាប់ពីចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាឆ្នាំ២០២៤ លោកទេសរដ្ឋមន្រ្តី បានលើកទឹកចិត្តសិង្ហបុរី ពិចារណាចូលរួម និងក្លាយជារដ្ឋភាគីមួយ នៅក្នុងអនុសញ្ញា អូតាវ៉ា ព្រមទាំងបានអញ្ជើញសិង្ហបុរី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្ត នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។

លោក Mark Seah អនុតំណាងអចិន្រ្តៃយ៍សិង្ហបុរី ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ។ សិង្ហបុរី បានទទួលស្គាល់ ចំពោះសំណើសុំរបស់កម្ពុជា ឲ្យពិនិត្យលទ្ធភាព ចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ហើយ លោកអនុតំណាង អចិន្រ្តៃយ៍សិង្ហបុរី នឹងបញ្ជូនសំណើនេះ ទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យពិចារណា ព្រមទាំងបានបង្ហាញអំពីលទ្ធភាពរបស់ខ្លួន ចូលរួមជារដ្ឋភាគីអនុសសញ្ញានេះ ផងដែរ៕

To Top