ភ្នំពេញ៖ លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) នៃប្រទេសម៉ាឡេស៊ី បានលើកឡើងថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-10_09-07-26-722x1024.jpg)
ការលើកឡើងរបស់លោកប្រធាន ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ខាងលើនេះ ធ្វើឡើងក្នុងឱកាស សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងអំឡុងពេលសម្តេចធិបតី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-10_09-07-30-1024x1024.jpg)
ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី បានសម្ដែង នូវក្ដីសោមនស្សរីករាយ ដែលសម្ដេចធិបតីបានអនុញ្ញាត ឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពី ផែនការសកម្មភាពការងារមួយចំនួន របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលដែលប្រទេសម៉ាឡេស៊ី នឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយ ជាប្រធានក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន ផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-10_09-07-35-1024x682.jpg)
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានលើកឡើង អំពីគំនិតផ្ដួចផ្ដើមមួយចំនួន ក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគ នៅតំបន់អាស៊ាន តាមរយៈ៖ (១) ការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិន អាស៊ាន, (២) ការរៀបចំការបោះផ្សាយ លក់មូលបត្រ ជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលបត្រ អាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួល ដល់ការបរិច្ចាគឆ្លង ដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រ ប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-10_09-07-40-1024x682.jpg)
លោកប្រធានក្រុមប្រឹក្សាធុរកិច្ច ក៏បានលើកឡើងថា “កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេស ខាងវិស័យទេសចរណ៍ និងបានលើកឡើង ពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការ តភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ”។
ជាការឆ្លើយតប សម្ដេចធិបតី បានឯកភាពចំពោះគំនិតផ្ដួចផ្ដើម របស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ដោយសម្ដេចធិបតីបានគូសបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះ ទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-10_09-07-43-1024x682.jpg)
ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្ត នៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថាន អំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគិនក្នុងតំបន់អាស៊ាន, ការប្រែក្លាយគំនិតផ្ដួចផ្ដើម ស្ដីពីការបង្កើត ឱ្យមានទីផ្សារមូលបត្ររួម នៅក្នុងតំបន់អាស៊ាន និងការជំរុញការចូល រួមបន្ថែមទៀត របស់វិស័យឯកជនក្នុងធុរកិច្ច និងការវិនិយោគ ។
ជាមួយគ្នានេះ សម្ដេចធិបតី បានលើកឡើងថា “រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកថាវិស័យឯកជន ជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញ នូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើន សម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណា ឱ្យវិស័យឯកជន បានដំណើរការល្អប្រសើរ និងរីកលូតលាស់”៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)