កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានខិតខំជំរុញការអភិវឌ្ឍន៍ និងការលើកទឹកចិត្ត ដល់ការវិនិយោគ របស់វិស័យឯកជន និងបង្កើតឱ្យមានតំបន់ សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ចពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និង ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០-២០៥០ ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅថ្ងៃទី ១០ ខែតុលាឆ្នាំ ២០២៤ នៅមន្ទីរផែនការខេត្ត ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ដើម្បីបង្កើន និងជំរុញធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយសមធម៌សង្គម និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។ ទន្ទឹមនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ដើម្បីចូលរួមសម្រេចបាន នូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងរៀបចំផែនការ អភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំ រំកិល២០២៥-២០២៧ ដែលជាផែនទីតម្រង់ទិស ក្នុងការអនុវត្តមុខងារភារកិច្ច របស់មន្ទីរ-អង្គភាព និងស្ថាប័នពាក់ព័ន្ធ ដែលស្ថិតក្នុងដែន សមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តបានខិតខំជំរុញការអភិវឌ្ឍន៍ និងការលើកទឹកចិត្ត ដល់ការវិនិយោគរបស់វិស័យឯកជន និងបង្កើតឱ្យមានតំបន់សេដ្ឋកិច្ច ពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ចពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេច ឱ្យបានចក្ខុវិស័យ ជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ (៤,០០០ដុល្លារ/មនុស្សម្នាក់) និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
លោកអភិបាលខេត្តបញ្ជាក់ថា ជាក់ស្ដែងវេទិកានាពេលនេះ ជាឱកាសដ៏សំខាន់សម្រាប់ធ្វើការពិភាក្សាផ្លាស់ប្ដូរ យោបល់ធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចដំណើរការអនុវត្តគម្រោង ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាជននៅមូលដ្ឋាន ។
