ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវការគាំទ្រឱ្យទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិ របស់អាស៊ានឱ្យបានឆាប់បំផុត ។
យោងតាមលទ្ធផលនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ របស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សម្តេចធិបតី បានបញ្ជាក់ជាថ្មី អំពីការគាំទ្ររបស់កម្ពុជា ឱ្យទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះ វិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយ ដែលអាចជួយសម្រេចបាននូវគោលដៅនេះ។

ជាមួយគ្នានេះ សម្តេចធិបតី បានស្វាគមន៍ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង ពីប្រទេសក្រៅតំបន់ ចំពោះការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) និងបាន រំលឹកសាជាថ្មី អំពីសារសំខាន់នៃ ការស្វាគមន៍ដៃគូទាំងឡាយណា ដែលចង់បង្កើតទំនាក់ទំនងជាមួយអាស៊ាន ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នា ការទុកចិត្តគ្នា និងការផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក ៕
