ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានផ្នែករាជរដ្ឋាភិបាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការ អភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (ក.ប.យ.អ.) កម្ពុជា លើកទី២។
កិច្ចប្រជុំនេះមានការអញ្ជើញ ចូលរួមធ្វើជាសហប្រធានពីផ្នែកឯកជនចំនួន២រូប៖ លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន RMA (CAMBODIA) PLC. សហប្រធានផ្នែកយានយន្ត និង លោក Yoshihiro Sakanushi ប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន MINEBEA (CAMBODIA) CO., LTD. ជាសហប្រធានផ្នែកអេឡិចត្រូនិក រួមនឹង សមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យ ឯកជន សរុបប្រមាណ ១០០រូប។
កិច្ចប្រជុំនេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាព ក.ប.យ.អ., ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។
លោកឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ,គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាថ្ងៃនេះ និងបានជម្រាបជូនអំពីរបៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគនៅកម្ពុជា សាវតារនៃការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត
ក៏ដូចជា ភាពចាំបាច់នៅក្នុងការបង្កើតឱ្យមាននូវក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនេះឡើង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ព្រមទាំងទិសដៅការងារអាទិភាពសំខាន់ៗផងដែរ។
សូមបញ្ជាក់ថា អង្គប្រជុំបានចូលរួមមតិយោបល់យ៉ាងផុលផុស និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលជារួមតាមរយៈការស្ទង់មតិលើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព ក្នុងនោះរួមមាន៖ ១៖ អភិវឌ្ឍន៍កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មដោយសហការជាមួយវិស័យឯកជន ២៖ ធ្វើសាមញ្ញកម្មបែបបទនាំចេញ-នាំចូល និង៣៖ ពិនិត្យឡើងវិញនូវគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់៕