ភ្នំពេញ៖ ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង» រៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំមន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន។
![](https://dap-news.com/wp-content/uploads/2024/10/294-1024x682.jpg)
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួមប្រឹងប្រែងអនុវត្តន៍ការងារ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតលើមុំ៣សំខាន់គឺស្អាត បៃតង និងចីរភាព ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីឈានឆ្ពោះទៅបង្កើនគម្របព្រៃឱ្យបានច្រើន និងសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
![](https://dap-news.com/wp-content/uploads/2024/10/295-1024x682.jpg)
លោករដ្ឋមន្ដ្រី បន្ដថា មន្រ្តីបរិស្ថានត្រូវមានភាពស្អាត ដូចមាន ចែងក្នុងយុទ្ធសាស្រ្តចក្រា ដែលយកច្បាប់ ទៅប្រើប្រាស់ក្នុង បុព្វហេតុការពារបរិស្ថាននិងធនធានធម្មជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនឹងសង្គម។ លោក រដ្ឋមន្ដ្រី មានប្រសាសន៍បន្ថែម ដោយជំរុញឱ្យមន្រ្តីប្រើប្រាស់ ក្រមបរិស្ថាននិងធនធានធម្មជាតិជាគោល ក្នុងការបំពេញភារកិច្ច។
![](https://dap-news.com/wp-content/uploads/2024/10/296-1024x682.jpg)
លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំបានវាយតម្លៃខ្ពស់ចំពោះ ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង ដែលជួយដល់មន្រ្តីបរិស្ថាន យល់ច្បាស់បន្ថែមពីក្របខណ្ឌច្បាប់ និងក្របខណ្ឌជំនាញរបស់សវនកម្មផ្ទៃក្នុង ដើម្បីយកទៅបំរើការងារប្រចាំថ្ងៃដល់អង្គភាព ប្រកបដោយប្រសិទ្ធភាព ពង្រឹងកសាងសមត្ថភាព និងស្វែងយល់កាន់តែច្បាស់ពីការគ្រប់គ្រងផ្ទៃក្នុង ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ»។
ជាមួយគ្នានេះដែរ លោក បានរំលឹកពីវិធានតឹងរឹងទាំង៤ របស់ក្រសួងបរិស្ថាន តម្រូវឱ្យមន្រ្តីជំនាញពង្រឹងការអនុវត្តច្បាប់ ប្រឆាំងបទល្មើស ទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនិងបរិស្ថាន ឆ្ពោះទៅសុក្រឹតកម្មបរិស្ថានកិច្ច រួមមាន៖
១) អនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
២) សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។
៣) សហការជាមួយកងយោធពលខេមរភូមិន្ទ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។
៤) ជំរុញការដាំដើមឈើឲ្យច្រើន ដើម្បីបង្កើនគម្របព្រៃ ជាពិសេសជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព ឆ្ពោះទៅចក្ខុវិស័យឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)