ព័ត៌មានអន្តរជាតិ

ប្រមុខ​ការពារជាតិ​ជប៉ុន និង​ណា​តូ ព្រម​ព្រៀងគ្នា បង្កើន​កិច្ចសហប្រតិបត្តិការ​

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសជប៉ុន និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិក ចំនួនបីផ្សេងទៀតបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំលើកដំបូង របស់ពួកគេជាមួយសមភាគីណាតូ កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងព្រុចសែល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ចំពេលមានការអះអាងផ្នែកយោធា កើនឡើងរបស់ចិន និងការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani បានអំពាវនាវ ឱ្យរដ្ឋមន្ត្រីអង្គការណាតូ និងសមភាគីរបស់គាត់ មកពីប្រទេសអូស្ត្រាលី នូវែល សេឡង់ និងកូរ៉េខាងត្បូង ពង្រីកកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលប្រឆាំងនឹង ការប៉ុនប៉ងឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាព ដោយកម្លាំងឬការបង្ខិតបង្ខំ។

លោក Mark Rutte អគ្គលេខាធិការណាតូ បានឲ្យដឹងថា “សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថាអស្ថិរភាពនៅអឺរ៉ុប អាចបង្កឱ្យមានផលវិបាកនៅទូទាំងពិភពលោក ហើយប្រទេសដែលនៅឆ្ងាយរាប់ពាន់ម៉ាយល៍ ដូចជាប្រទេសអ៊ីរ៉ង់ ចិន និងសូម្បីតែកូរ៉េខាងជើង អាចក្លាយជាអ្នកបំផ្លាញសន្តិសុខនៅក្នុង ទីធ្លាខាងក្រោយរបស់យើងផ្ទាល់”។ 

លោកបានបន្ថែមថា “ពិភពលោករបស់យើងមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយសុវត្ថិភាពរបស់យើងក៏ដូចគ្នាដែរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។

លោករដ្ឋមន្ត្រីក៏បានពិភាក្សា អំពីរបៀបធ្វើការរួមគ្នា ដើម្បីគាំទ្រអ៊ុយក្រែន ជំរុញការការពារតាមអ៊ីនធឺណិត ការផលិតការពារ និងការច្នៃប្រឌិត ក៏ដូចជាការប្រឆាំង ព័ត៌មានមិនពិត និងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត នេះបើយោងតាមអង្គការ ណាតូ ។

នៅព្រឹកថ្ងៃដដែល លោក Nakatani បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែនលោក Rustem Umerov ហើយបានប្តេជ្ញាថា ជប៉ុន នឹងផ្តល់យានជំនិះ របស់កងកម្លាំង ស្វ័យការពារបន្ថែមដល់ទីក្រុងគៀវ ដើម្បីគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការទប់ទល់ នឹងការឈ្លានពានពេញ លេញរបស់រុស្ស៊ី ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា

To Top