យេរ៉ូសាឡឹម៖ ប៉ូលិសបានឲ្យដឹងកាលព្រឹកថ្ងៃសៅរ៍នេះថា ការវាយប្រហារដោយមីស៊ីលមួយនៅក្នុងតំបន់ Sharon របស់ប្រទេសអ៊ីស្រាអ៊ែល បានធ្វើឱ្យមនុស្សចំនួន ១៩ នាក់រងរបួស បន្ទាប់ពីកងទ័ពបានរាយការណ៍មកថា កាំជ្រួចចំនួន ០៣ គ្រាប់ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលទៅក្នុងតំបន់ភាគកណ្តាលនៃប្រទេសអ៊ីស្រាអ៊ែល ។
ប៉ូលិសអ៊ីស្រាអ៊ែល បានឲ្យដឹងថាអ្នកទាំង ១៩នាក់ដែលក្នុងនោះមានចំនួន ០៤នាក់ “ស្ថិតក្នុងស្ថានភាពរងគ្រោះមធ្យម” ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។
ក្រុមសេវាវេជ្ជសាស្រ្តសង្គ្រោះបន្ទាន់ Magen David Adom ហៅកាត់ (MDA) របស់ប្រទេសអ៊ីស្រាអ៊ែល នៅមុននេះ បានបញ្ជាក់ថា មនុស្សជាច្រើននាក់បានរងរបួសនៅក្នុងការវាយប្រហារមកលើទីក្រុង Tira ដែលនៅភាគកណ្តាល រួមទាំង “បុរសប្រហែល ២០នាក់ ដែលមានរបួសដោយគ្រាប់ផ្លោងនេះ” ។
ខ្សែវីដេអូដែលបានបង្ហោះដោយក្រសួងការបរទេសអ៊ីស្រាអ៊ែល នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីភ្លើង និងផ្សែងហុយចេញពីអគារមួយចូលទៅក្នុងផ្លូវក្នុងតំបន់ ហើយក្រុមអ្នកសង្គ្រោះបន្ទាន់បានចោមរោមមើលនៅទីកន្លែងនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា