ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើង ជាសារផ្តាំផ្ញើទៅកាន់លោក សម រង្ស៊ី និងគូកនថា គម្រោងដែលបង្កើត រដ្ឋាភិបាលបណ្ដោះអាសន្ន នៅក្រៅប្រទេសផ្តួចផ្តើមគំនិតដោយ លោក សម រង្ស៊ី នឹងត្រូវចាត់វិធានការ ទៅតាមផ្លូវច្បាប់ ព្រោះបង្កើតឡើង ដោយខុសច្បាប់។
ជាថ្មីម្តងទៀតលោកសម រង្ស៊ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានកំពុងកៀងគរមនុស្ស នៅក្រៅប្រទេសបង្កើត ទៅជាចលនាជាតិខ្មែរ តស៊ូដូចដែលលោកអះអាងថា ចលនាជាតិខ្មែរតស៊ូនេះ នឹងឈានទៅបង្កើតរដ្ឋាភិបាល មួយពេញលក្ខណៈ ស្ថិតនៅក្រៅប្រទេស ជាបណ្តោះអាសន្ន ដើម្បីតំណាងឲ្យឆន្ទៈពិត ប្រាកដនៃប្រជារាស្ត្រខ្មែរ ដែលស្រលាញ់ជាតិ សេរីភាព និងយុត្តិធម៌ ។ ចលនានេះ គឺផ្សេងគ្នាពីចលនាខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី មូរ សុខហួរ។
សម្រាប់រដ្ឋាភិបាល បណ្តោះអាសន្ននេះ លោក ប៉ែន បូណា មានប្រសាសន៍ឆ្លើយតប តាមរយៈមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ៤ វិច្ឆិកាថា កម្ពុជាមានរាជរដ្ឋាភិបាលស្របច្បាប់ តែមួយប៉ុណ្ណោះ នៅកម្ពុជាដែល បាន ដឹកនាំតាំងពីសម្តេចតេជោ ហ៊ុនសែន ហើយបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្ន ដែលតំណាងឲ្យកម្ពុជា នៅលើឆាកអន្តរជាតិ ដោយគ្មានរដ្ឋាភិបាល នៅក្រៅប្រទេសណាមកជំនួសបានទេ។
លោកថា ដូច្នេះបើមានរដ្ឋាភិបាលអ្វីមួយនៅក្រៅប្រទេសដែលបង្កើតឡើងដោយក្រុមណា ឬបុគ្គលណាមួយចាត់ទុកថា គឺជាពួកឧទ្ទាមក្រៅច្បាប់ប្រឆាំងនឹងច្បាប់កម្ពុជាដែលនឹងត្រូវចាត់វិធានការ ទៅតាមផ្លូវច្បាប់ជាធរមាន។
លោកសង្កត់ធ្ងន់ថា “ដូច្នេះក្រុមណាមួយ ឬបុគ្គលណាមួយដែលមកប្រកាស បង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន អីណាមួយជាក្រុមឧទ្ទាមក្រៅច្បាប់ ។ អីចឹងកាលណាបង្កើតអ្វីមួយខុសច្បាប់ វិធានការច្បាប់ត្រូវតែចាត់ឡើងហើយ ។ ខ្ញុំជឿជាក់ថា គ្មានប្រជាពលរដ្ឋណាម្នាក់ ឬក៏ប្រទេសណាមួយគេ ទៅគាំទ្រឧទ្ទាមខុសច្បាប់បែបនេះទេ។ យើងសង្កេតឃើញថា ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយ សម រង្ស៊ី មូរ សុខហួរនេះ ជាក្រុមដែលបង្កការញុះញង់ បំបែកបំបាក់ខ្មែរ ហើយតែងតែបង្កើត អ្វីមួយដែលខុសច្បាប់”។
លោកប៉ែន បូណា បានហៅលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរថា ជាអ្នកនយោបាយពនេរចរ ជាអ្នកនយោបាយ ភ្លើងចំប៉ើង ដែលគ្មានអ្វីច្បាស់លាស់ឡើយ ខណៈកន្លងមកបានបង្កើត ចលនានេះតិច នោះតិច តាមការនឹកឃើញ របស់ពួកគេតែគ្មាន ទទួលបានលទ្ធផល ល្អអ្វីនោះទេ។
ដោយសារតែមើលឃើញ នូវការធ្វើនយោបាយ បែបស្រពិចស្រពិល គ្មានភាពប្រាកដនិយមនេះហើយ ទើបបានជាសកម្មជន និងអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេសអស់ជំនឿ ហើយបានងាកមក សុំការរួមរស់ ផ្នែកនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ជាហូរហែរដូចសព្វថ្ងៃ ដូចទឹកបាក់ទំនប់ ។ នេះបើតាមប្រសាសន៍ របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ៕