បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Vedomosti បានរាយការណ៍ដោយដកស្រង់ ទិន្នន័យពីក្រុមហ៊ុន ថាមពលយក្ស Gazpromការនាំចេញឧស្ម័ន របស់រុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប និងប្រទេស Moldovaតាមរយៈអ៊ុយក្រែនកំពុងខិតជិត ដល់កម្រិតអតិបរមា ដែលអាចធ្វើទៅបាន ដោយប្រើប្រាស់ហេដ្ឋារចនា សម្ព័ន្ធដែលមានស្រាប់។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍ថា ឧស្ម័នហ្គាសសរុបចំនួន១,៣១ ពាន់លានម៉ែត្រគូប ត្រូវបានចែកចាយតាមរយៈផ្លូវនេះនៅក្នុងខែតុលា។
យោងតាមតួលេខរបស់ក្រុមហ៊ុន Gazprom បរិមាណជាមធ្យមប្រចាំថ្ងៃ នៃការផ្គត់ផ្គង់ឧស្ម័នហ្គាស របស់រុស្ស៊ីតាមរយៈប្រព័ន្ធបញ្ជូនឧស្ម័ន របស់អ៊ុយក្រែន កាលពីខែមុនមានចំនួន៤២,៣លានម៉ែត្រគូប ដែលតំណាងឱ្យការកើនឡើង៥ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២៣។
បន្ទាប់ពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ហើយបានធ្វើឱ្យវាជាអាទិភាពកំពូល ដើម្បីទប់ស្កាត់ការពឹងផ្អែកលើ ថាមពលរបស់រុស្ស៊ីប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ការបញ្ជូនឧស្ម័នរុស្ស៊ីទៅកាន់ប្លុក នៅតែបន្តជិតបីឆ្នាំក្រោយមក។
គួរឲ្យដឹងដែរថានៅពេលបច្ចុប្បន្ននេះ ខ្សែដឹកជញ្ជូនឆ្លងកាត់ អ៊ុយក្រែន និងដៃអឺរ៉ុបរបស់ក្រុមហ៊ុន TurkStream នៅតែជាបំពង់ពីរប៉ុណ្ណោះ ដែលបំពង់បង្ហូរឧស្ម័នរុស្ស៊ី អាចទៅដល់អឺរ៉ុបកណ្តាល និងខាងត្បូង៕
ប្រែសម្រួល៖ស៊ុនលី