កណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញអភិបាលស្រុកល្វាឯមថ្មី លោក លីវ វណ្ណថេង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល។

ការលើកឡើងរបស់ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតីរួមជាមួយលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសតែងតាំង លោក លីវ វណ្ណថេង ជា អភិបាលស្រុកល្វាឯម នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋបាលស្រុកល្វាឯម ដោយមានការអញ្ជើញ ចូលរួមពីសំណាក់អភិបាលក្រុង-ស្រុកទាំង១៣ មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប។

ថ្លែងក្នុងពិធីនេះដែរ លោក អភិបាលខេត្ត បានគូសបញ្ជាក់ថា «ជំរុញដល់អភិបាលស្រុកថ្មី ដែលទើបចូលកាន់មុខតំណែង ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើជាពិសេសជាមួយរាជរដ្ឋាភិបាល បន្ថែមពីនេះអភិបាលស្រុកថ្មី ត្រូវស្វែងយល់អំពីច្បាប់នានា ត្រូវរៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារ ទទួលបានជោគជ័យកាន់តែប្រសើឡើង»។

ដើម្បីធ្វើឱ្យស្រុកល្វាឯម មានសណ្តាប់ធ្នាប់សង្គម រក្សាបាននូវសន្តិសុខល្អជូនប្រជាពលរដ្ឋ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត លោក អភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងជំរុញដល់ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកល្វាឯម សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយ អភិបាលស្រុកល្វាឯមថ្មី ឱ្យអស់ពីកម្លាំងកាយចិត្ត សំដៅធ្វើឱ្យស្រុកល្វាឯម អាចសម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់អភិបាលស្រុកថ្មី ត្រូវបន្តរឹតបណ្ដឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ ចរាចរណ៍ និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំមាន សវត្ថិភាពរបស់រាជរដ្ឋាភិបាល។

លោក អភិបាលខេត្ត បន្ថែមថា ត្រូវបន្តពង្រឹងនូវរបបប្រជុំឱ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីធ្វើត្រួតពិនិត្យតាមដាន និងធ្វើការដោះស្រាយបញ្ហាទាន់ពេលវេលា៕

