ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោល

កែប៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២ ៦៤៥ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី។

ពិធីសម្ពោធនាព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិស្ថិតនៅក្នុងភូមិសាស្ត្រ តំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្ត របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋ អ្នករស់នៅខេត្តកែប ដែលបានជឿជាក់ និងបានជ្រើសរើសយក មគ្គុទ្ទេសក៍ដឹកនាំកម្ពុជា បានត្រឹមត្រូវ ទើបមានឱកាសបាន ឃើញនិងបានទទួលផលពីការអភិវឌ្ឍរីកចម្រើន ដោយផ្ទាល់ដូចនាពេលបច្ចុប្បន្ននេះ។

គម្រោងសាងសង់វិថីតេជោសន្តិភាព ឆ្នេរអង្កោលនេះ គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ គម្រោងនេះ បានអនុវត្តការងារបច្ចេកទេស សាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទ AC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់ រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្គោល, សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់ រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨កន្លែង, លូប្រអប់ ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និង បង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ។

គម្រោងសាងសង់ខ្សែផ្លូវនេះ ត្រូវបានអនុវត្តការងារសាងសង់ ដោយក្រុមហ៊ុនគិរីដងរែក ខនស្ត្រាក់សិន ខូអិលធីឌី និង អ៊ឹម ធី អេ ខនស្ត្រាក់សិន ខូអិលធីឌី (KIRI Dangrek Construction Co., Ltd. and M.T.A Construction Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន រេណាដេត អេស អេ សហការជាមួយ អេសប៊ីខេ រីស៊ើច អែន ឌីវេឡុបមិន (Renardet S.A. in association with SBK Research and Development) ដែលបានប្រើប្រាស់រយៈពេលសាងសង់ ចំនួន ២២ខែ គិតចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ រហូតដល់អំឡុងខែមករា ឆ្នាំ២០២៤ និងបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ដែលជាកម្ចីឥណទានសម្បទាន ពីធនាគារ អភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួន របស់រាជរដ្ឋាភិបាល សម្រាប់ការដោះស្រា យផលប៉ះពាល់ និងពន្ធអាករផ្សេងៗ ៕

default
default
default
default
default
To Top