ភ្នំពេញ ៖ លោក សយ ចន្ទវិចិត្រ អ្នកនាំពាក្យអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានឲ្យដឹងថា នៅព្រឹកថ្ងៃ១១ វិច្ឆិកានេះ អង្គភាពបានបញ្ជូនខ្លួនលោក មួង ឃីម និងលោកឧកញ៉ា អ៊ុត ធីទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការបញ្ជូនខ្លួនពួកគាត់ទៅតុលាការនេះ បន្ទាប់ពីឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។
លោក សយ ចន្ទវិចិត្របានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១១ វិច្ឆិកាថា “លោក មួង ឃីម និង អ៊ុត ធីត្រូវបានអង្គភាពបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញហើយ កាលពីព្រឹកមិញ”។
លោកថា ក្នុងពេលនេះ ករណីនេះ កំពុងស្ថិតក្នុង ដំណាក់កាលអយ្យការ ។ ដូច្នេះលោកមិនទាន់អាច និយាយអ្វីច្រើនចំពោះការចាប់ឃាត់ខ្លួន ពួកគាត់នោះទេ ។
ទោះបីជា លោក សយ ចន្ទវិចិត្រមិនទាន់អាចបញ្ជាក់ ពីបទល្មើសក្នុងការចាប់ខ្លួនពួកគេ ប៉ុន្តែការឃាត់ខ្លួននេះ បានធ្វើឡើងក្រោយមានការបែកធ្លាយលិខិតមួយច្បាប់បង្ហាញថា បុគ្គលទាំងនេះមានការជាប់ ពាក់ព័ន្ធជាមួយលោក លី សាម៉េត ហៅគ្រូមា, លោក ដួង ដារ៉ា និងលោក ឡាច សំរោង ក្នុងអំពើឆបោក។
សូមបញ្ជាក់ថា លោក មួង ឃីម ជាអនុប្រធាន នាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ហើយបច្ចុប្បន្នលោក បានចូលនិវត្តន៍ហើយ។ ចំណែកលោកឧកញ៉ា អ៊ុត ធី ត្រូវបានគេដឹងថា ជាអ្នកជំនួញរកស៊ីខាងវាយថ្ម និងធ្វើផ្លូវ៕