ព័ត៌មានជាតិ

លោក យង់ ពៅ ៖ ចលនាជាតិតស៊ូរបស់ សម រង្ស៊ី គ្មានឥទ្ធិពលមកលើកម្ពុជាទេ

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍ នយោបាយលោកបណ្ឌិត យង់ ពៅបានបង្ហាញការយល់ឃើញថា ចលនាថ្មីរបស់លោក សម រង្ស៊ីគ្មានឥទ្ធិពលអ្វីមកលើកម្ពុជានោះទេ ។

កាលពីថ្ងៃ៩ វិច្ឆិកា លោក សម រង្ស៊ី ប្រកាសការបង្កើត ចលនាជាតិតស៊ូ ។ ដោយចលនានេះ លោកអះអាងថា ដើម្បីការពារទឹកដីកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្ត្រខ្មែរ។ បើតាមលោក សម រង្ស៊ីចលនាថ្មីនេះ ក៏ឈានទៅបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ននៅក្រៅប្រទេសផងដែរ។

លោក យង់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១០ វិច្ឆិកាថា ចលនាថ្មីរបស់លោកសម រង្ស៊ី គ្មានឥទ្ធិពលដល់កម្ពុជាទេ ព្រោះកន្លងមកក្រុមលោក តែងតែបង្កើតចលនាអ្វីមួុយជាញឹកញាប់ កន្លងមកដូចជាចលនាប្រជាធិតេយ្យអ្វីជាដើមនោះ។

លោកថា បុគ្គលសម រង្ស៊ីតែងតែយកថ្ងៃសំខាន់ៗ បង្កើតជាព្រឹត្តិការណ៍ថ្មីរហូត ។ ជាក់ស្តែងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏លោកសម រង្ស៊ី បានបង្កើតព្រឹត្តិការណ៍ ឲ្យពលរដ្ឋចាប់អារម្មណ៍លោកដែរ គឺពេលនោះលោកថា នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ប៉ុន្តែដល់ថ្ងៃថាមក គឺអត់ទៅវិញ។

លោក យង់ ពៅបញ្ជាក់ថា “លោក សម រង្ស៊ីគ្មានឥទ្ធិពលអ្វីទៀតទេនៅក្នុងសង្គមកម្ពុជានេះ ។ គាត់អស់ឥទ្ធិពល និងអស់ប្រជាប្រិយភាពហើយ ។ ចឹងការអំពាវនាវរបស់គាត់កាលពីថ្ងៃ៩វិច្ឆិកា គឺគាត់តែងតែយកកាលបរិច្ឆេទសំខាន់ៗដើម្បីបង្វែរការគិត បង្វែរការយល់ឃើញរបស់មនុស្សឲ្យទៅមើល និងស្តាប់គាត់តែប៉ុណ្ណោះ”។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស កុំលង់ជឿតាមការញុះញង់ របស់លោក សម រង្ស៊ី៕

To Top