ភ្នំពេញ ៖ ក្នុងនាមជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតប ទៅនឹងគម្រោងបាតុ កម្មពីសំណាក់ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេស ដែលឲ្យរាជរដ្ឋាភិបាលគោរពកិច្ច ព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសថា បាតុកម្មនេះ គ្មានន័យ និងខ្លឹមសារសម្រាប់កម្ពុជាឡើយ ព្រោះរាជរដ្ឋាភិបាលធ្វើអ្វីៗ ទៅតាមកិច្ចព្រមព្រៀងនេះជាប់ជានិច្ច ។
លោក ប៉ែន បូណា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ១០ វិច្ឆិកាថា ខ្លឹមសារសំខាន់ៗ របស់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣អស់ហើយ ។
លោកថា សម្រាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល របស់កម្ពុជានៅជាធរមាន ដែលរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេសសព្វថ្ងៃ ដែលបានអនុលោមតាមខ្លឹមរដ្ឋធម្មនុញ្ញទាំងស្រុង ដោយគ្មានការកែប្រែនោះឡើយ ។
ដូច្នេះលោកសង្កត់ធ្ងន់ថា កម្ពុជាមានលំហរប្រជាធិបតេយ្យ យ៉ាងពេញលេញ ប៉ុន្តែកម្ពុជាអត់មានលំហរប្រជាធិតេយ្យ សម្រាប់អ្នកបំពានច្បាប់ និងជេរប្រមាថឡើយ ដូចនេះអ្នកណាធ្វើអ្វីខុស ច្បាប់ត្រូវតែអនុវត្តតាមច្បាប់ហើយ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា “ការធ្វើបាតុ កម្មអ្វីទាំងអស់ហ្នឹងជាសកម្មភាពមួយដែលគ្មានន័យ គ្មានខ្លឹមសារ និងគ្មានឥទ្ធិពលអ្វីទាំងអស់មកលើរាជរដ្ឋាភិបាលកម្ពុជាយើង”។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសតំបន់អឺរ៉ុប បានប្រកាសថា នឹងធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ នៅថ្ងៃ២៣ វិច្ឆិកា ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ និងបើកលំហប្រជាធិបតេយ្យ ៕
