ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារថ្លែងអំណរគុណ លោកស្រី VALENTINA MATVIENKO ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) រុស្ស៊ី ដែលបានផ្ញើសារអបអរសាទរ សម្តេចក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសារលិខិតដែលបានបកប្រែពីភាសាអង់គ្លេស សម្ដេចតេជោ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលចំណងមិត្តភាព និងទំនាក់ទំនងជាប្រពៃណី រវាង កម្ពុជានិងរុស្សី ត្រូវបានពង្រឹងនិងធ្វើឱ្យកាន់តែស៊ីជម្រៅគួរឱ្យកត់សម្គាល់។
សម្ដេចបញ្ជាក់ថា បានត្រៀមខ្លួនជានិច្ច ធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកស្រី VALENTINA MATVIENKO និងក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី សំដៅបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរបស់ប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍ទៅវិញ ទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ជាថ្មីម្តងទៀត សម្ដេចតេជោ បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូន លោកស្រី VALENTINA MATVIENKO ឱ្យមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់គ្រប់ភារកិច្ច និងសូមប្រសិទ្ធពរ ប្រជាជន សហព័ន្ធរុស្ស៊ី សូមប្រកបដោយសុភមង្គល និងវិបុលភាព៕