ព័ត៌មានអន្តរជាតិ

អាស៊ាន ចង់បង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខ

Sky News

វៀងច័ន្ទ៖ កាលពីថ្ងៃទី ២១ ខែវិច្ឆិកា តំណាងមកពីប្រទេសជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រមូលផ្តុំគ្នានៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់អាស៊ាន និងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ។

កាលពីថ្ងៃពុធ ក្រុមអ្នកតំណាងបានប្រមូលផ្តុំគ្នា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ានលើកទី១៨ ដែលប្រារព្ធឡើងក្រោមប្រធានបទ “អាស៊ាន រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់” ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការកាន់តែ ជិតស្និទ្ធរវាងប្រទេសអាស៊ាន គឺជាប្រធានបទសំខាន់នៃ ការពិភាក្សារបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងកិច្ចប្រជុំនេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Chansamone Chanyalath បានមានថ្លែងថា ស្ថានភាពនៅក្នុងតំបន់ និងពិភពលោកកំពុងបង្កភាពស្មុគស្មាញ និងភាពមិនអាចទាយទុកជាមុនបាន ការគំរាមកំហែង និងការប្រឈមចំពោះសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ និងពិភពលោកទាំងមូល ។

លោកបានបញ្ជាក់ថា “ប្រឆាំងនឹងបញ្ហាពីខាងក្រៅ យើងត្រូវបន្តពិភាក្សា និងស្វែងរកមធ្យោបាយដើម្បីធានាថា តំបន់របស់យើងមានភាពធន់ និងឆ្លើយតបទៅនឹងការគំរាមកំហែង និងបញ្ហាប្រឈមដែលកំពុងកើតមាន ។ ទន្ទឹមនឹងនេះដែររដ្ឋសមាជិកអាស៊ាន ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ដើម្បីរក្សាឯកភាព និង ភាពជាកណ្តាលរបស់អាស៊ាន ។ កម្លាំងជំរុញសម្រាប់កិច្ចសហប្រតិបត្តិការខាងក្រៅ និងចាត់វិធានការសមស្រប ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top