ឧត្ដរមានជ័យ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។
គ្រួសារ នីមួយៗ ទទួលបាននូវអំណោយមនុស្សធម៌ ដូចជាអង្ករចំនួន ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ចំនួនមួយមាន ( សារុង, ក្រមា, ភួយ), ភេសជ្ជៈបាកាស, ថវិកា ក្នុងម្នាក់៥ម៉ឺនរៀល។ ក្នុងនោះក៏មានការឧបត្ថម្ភថវិកាបន្ថែម ដល់អតីតយុទ្ធជនយោធិនពិការមួយចំនួនផងដែរ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានប្រគល់អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូចំនួន ៥នាក់ នៅសាលាបឋមសិក្សា ស្រះទឹកតេជោសែនជ័យ ស្រុកចុងកាល់ផងដែរ។ ចំណែកសិស្សានុសិស្ស ចំនួន ១៣២នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ចំនួន ២ក្បាល ប៉ិច ១ដើម ថវិកា ចំនួន ១ម៉ឺនរៀល។
បើតាមការបញ្ជាក់ពី លោក មាន ចាន់យ៉ាដា អភិបាលខេត្ដឧត្ដរមានជ័យ បានឱ្យដឹងថា ស្រុកចុងកាល់ ជាស្រុកមួយស្ថិតនៅភាគខាងត្បូង ទីរួមខេត្តឧត្តរមានជ័យ មានចំម្ងាយ២៩គឺឡូម៉ែត្រពីទីរួមខេត្ត។ ស្រុកនេះមានឃុំចំនួន៤ ភូមិចំនួន ៣៥ និងមានផ្ទៃដីសរុប ៦៥០.៨២ គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋ ២៩,៣៩០នាក់ (ស្រី១៤,៦៧១ នាក់) ដង់ស៊ីត ២៩នាក់ក្នុងមួយគីឡូម៉ែត្រការរ៉េ ក្នុងនោះប្រជាពលរដ្ឋ ៨៩.២% ជាកសិករ។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រហូតមកដល់ឆ្នាំ២០១៧ តាមរយៈរដ្ឋបាលខេត្តឧត្តរមានជ័យ រាជរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសង្គមកិច្ចចំនួន ២,៦១១ហិចតា ជូនគណៈកម្មាធិកាសមាគមអតីតយុទ្ធជនខេត្តនៅភូមិបាត់ផ្តៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីគ្រប់គ្រងនិងធ្វើការអភិវឌ្ឍន៍ បង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជន។ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៤ គណៈគ្រប់គ្រងសមាគម បានរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវចំនួន ៥៦គីឡូម៉ែត្រ ជីកស្រះទឹកចំនួន ៤កន្លែង សាងសង់លំនៅដ្ឋានសរុបចំនួន ៤៥៥ខ្នង អណ្តូងស្នប់ ៩អណ្ដូង ស្តារប្រឡាយទឹក៦ខ្សែ ស្មើ ១៥គីឡូម៉ែត្រ ដាក់លូ ១៦កន្លែងស្មើ ១០៣កង់ សាលារៀន១ខ្នងមាន ៥បន្ទប់ ផ្ទះគ្រូ ១ខ្នង បានប្រគល់ជូនបងប្អូនអតីតយុទ្ធជនរស់នៅថែរក្សាលំនៅដ្ឋាននីមួយៗ និងធ្វើការដាំដុះនូវដំណាំហូបផ្លែមាន ស្វាយ ចេកដូង បានយ៉ាងល្អប្រសើរ។
ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ គ្រួសារអតីតយុទ្ធជន និងយោធិនពិការ នៅភូមិស្រះទឹកតេជោសែនជ័យ មានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយបានទទួលវត្តមានរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកសំណេះសំណាលសួរសុខទុក្ខ សម្ពោធស្រះទឹក និងប្រគល់ផ្ទះជូនអតីតយុទ្ធជន ចំនួន ២លើកមាន ៤៥៥គ្រួសារ ស្មើនឹងផ្ទះ ៤៥៥ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
សមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងភូមិស្រះទឹកតេជោសែនជ័យទាំងអស់ ទទួលបាននូវការឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងពីសប្បុរសជន និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ក្នុងនោះដែរការបង្កើតភូមិអភិវឌ្ឍន៍អតីតយុទ្ធជននេះឡើង គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនថែមមួយកម្រិតទៀត ដោយការផ្តល់លំនៅដ្ឋានរស់នៅបានសមរម្យ ហើយជាការតបស្នងដល់អតីតយុទ្ធជនដែលបានលះបង់អាយុជីវិត និងបានបូជាសាច់ស្រស់ឈាមស្រស់ ការពារជាតិ និងទឹកដី រក្សាបាននូវសន្តិភាព ហើយបានដាក់ឈ្មោះភូមិនេះថា «ភូមិស្រះទឹកតេជោសែនជ័យ» មកដល់សព្វថ្ងៃនេះ៕