ព័ត៌មានជាតិ

ពលរដ្ឋប្រភេទ “ខ” ២៦គ្រួសាររងផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងក្នុងខេត្តពោធិ៍សាត់ ចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ ជាការដោះស្រាយតាមនយោបាយឈ្នះ-ឈ្នះ

ពោធិ៍សាត់៖ ពលរដ្ឋចំនួន ២៦គ្រួសារដែលមានដីទំទំនេរមិនមែនជា លំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ប្រភេទ”ខ” រងផលប៉ះពាល់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ច្រាំងស្ទឹងក្នុងភូមិសាស្ត្រឃុំវាល ចាប់ពីចំនុចផ្សារក្បាលហុងរហូតដល់ ក្រោមស្ពានអាកាសខាងលិចស្ទឹងពោធិ៍សាត់ នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានមកចូលរួមចាប់ឆ្នោតទទួលយក ដីឡូតិ៍លំនៅដ្ឋានទំហំ ៥×២០ម៉ែត្រ ជាការដោះស្រាយស្របតាម គោលនយោបាយឈ្នះ-ឈ្នះ ។

ពិធីចាប់ឆ្នោតខាងលើធ្វើឡើង នៅទីតាំងដីឡូតិ៍ស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ក្រោមអធិបតីភាពលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

បើតាមលោកអភិបាលស្រុកកណ្តៀង បានបញ្ជាក់ថា ភូមិសាស្ត្រដែលរងផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ ក្នុងឃុំវាលនៃស្រុកកណ្តៀង នៅដំណាក់កាលនេះមានពលរដ្ឋចំនួន ៥៦ គ្រួសារលើ ៤ ភូមិគិតចាប់ពីចំនុចក្បាលហុងរហូតមកដល់ ក្រោមស្ពានអាកាសក្នុងនោះភូមិពោធិ៍កំបោរ ៣៥ គ្រួសារ,ភូមិវាល ៩ គ្រួសារ,ភូមិក្បាលហុង ៦ គ្រួសារ,ភូមិពោធិ៍ដំណាក់ ៥ គ្រួសារនិងបញ្ចូលថែម ១ គ្រួសារទៀតដែលបានទទួលយក គោលនយោបាយពីមុនរួចស្ថិតនៅភូមិបឹងយា។

លោកអភិបាលស្រុកដដែលក៍បានបន្តថា ប្រភេទដីនិងផ្ទះរងផលប៉ះពាល់ ត្រូវបានក្រុមការងារគណះកម្មការបាន ចុះពិនិត្យយ៉ាងល្អិតល្អន់ ដោយបានធ្វើការបែងចែកជា ២ ប្រភេទ÷
១-ប្រភេទ”ក” សំដៅលើពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅជាអចិន្ត្រៃយ៍
២-ប្រភេទ”ខ” សំដៅលើពលរដ្ឋដែលមានដី ទំនេរឬដីដាំដំណាំ រោងឬលំនៅដ្ឋានផ្សេងៗ ដែលមិនមែនជាលំនៅដ្ឋានរស់នៅអចិន្ត្រៃយ៍ ។លោកអភិបាលស្រុកក៍បានបញ្ជាក់ថា ដោយមានការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនិងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ចំពោះពលរដ្ឋ ដែលទទួលរងផលប៉ះពាល់នោះ ថ្នាក់ដឹកនាំបានសម្រេចផ្តល់ដីឡូតិ៍ មួយកន្លែងស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀងដោយប្រភេទ”ក”ចំនួន ៣០ គ្រួសារនឹងត្រូវទទួលបានដីទំហំ ៨×២០ម៉ែត្រ និង ប្រភេទ”ខ”ចំនួន ២៦ គ្រួសារនិងត្រូវទទួលបានដីទំហំ ៥×២០ម៉ែត្រ ជាក់ស្តែងដូចថ្ងៃនេះគឺចាប់ឆ្នោត ផ្តល់ជូនសម្រាប់ពលរដ្ឋប្រភេទ”ខ”ចំនួន ២៦ គ្រួសារស្មើរនឹង ៤ ភូមិ ។

មានប្រសាសន៍ក្នុងពិធីនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានជម្រាបជូនថា រូបលោកបានប្តេជ្ញាចិត្តរួមគ្នាជាមួយលោកកែវ រតនះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ថាធ្វើអោយខេត្តពោធិ៍សាត់ប្រែប្រួលមុខមាត់ថ្មី ដោយត្រូវរៀបចំអោយមានសោភ័ណ្ឌភាព អនាម័យ បរិស្ថាន ការរស់នៅប្រកបដោយផាសុខភាព និងមានសណ្តាប់ធ្នាប់ល្អ។

លោកអភិបាលខេត្តក៍បានបន្តថា ក្នុងអាណត្តិដឹកនាំរបស់លោក ចាប់ផ្តើមមុនគេគឺការរៀបចំច្រាំងស្ទឹង ចាប់ពីចំនុចចុងកោះត្រើយម្ខាង និងជំហ៊ានបន្ទាប់នេះចាប់ពីចំនុច ផ្សារក្បាលហុងរហូតដល់ក្រោមស្ពានអាកាស និងបន្តរៀបចំជាបន្តបន្ទាប់ទៀតក្នុងគោលបំណងរួម គឺដើម្បីរៀបចំអោយប្រជាពលរដ្ឋខេត្តពោធិ៍សាត់ មានមុខមាត់ដូចខេត្តដទៃដែរ។

លោកអភិបាលខេត្តក៍បានគូសបញ្ជាក់ថា ក្នុងរយះពេលដឹកនាំខេត្តបានរយះពេលជាង ២ ឆ្នាំមកនេះ លោកមិនដែលយកម៉ោងពេលវេលាទំនេរ សម្រាប់នៅជាមួយក្រុមគ្រួសារនោះទេ ពោលគឺធ្វើយ៉ាងណាអោយខេត្តពោធិ៍សាត់ មានការអភិវឌ្ឍន៍រីកចម្រើន ជាក់ស្តែងដូចជាផ្លូវវាងក្រុងត្រូវបានយក ចិត្តទុកដាក់រៀបចំភ្លើងលម្អរនិងមានអនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ល្អ សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ និង អ្នកវិនិយោគជិតឆ្ងាយចូល មកទស្សនាកម្សាន្តនិងចង់បណ្តាក់ទុន ក្នុងខេត្តរបស់យើង។សម្រាប់ច្រាំងស្ទឹងដែលត្រូវរៀបចំនេះ ក៍បានផ្តល់ឱកាសដល់បងប្អូន ប្រជាពលរដ្ឋអាចលក់ដូរ ហាត់ប្រាណ និង ស្រោះស្រូបយកខ្យល់អាកាសបានទៀតផង។

នៅក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍ សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋចំនួន ២៦ គ្រួសារដែលរងផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងមានការ យោគយល់និងយល់ព្រមចាកចេញហើយ ទទួលយកគោលនយោបាយសម្បទានដីឡូតិ៍ ដែលលោកបានរៀបចំដោយ មានផ្លូវ ទឹក ភ្លើង និងប្រព័ន្ធលូគ្រប់គ្រាន់ ពិសេសទៅទៀតនោះគឺមានប្លង់ កម្មសិទ្ធិស្របច្បាប់រស់នៅតកូនតចៅ ៕

To Top