ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ ហេង សួរ ស្វាគមន៍ទស្សនកិច្ច របស់គណៈប្រតិភូកូរ៉េ នៅកម្ពុជា ដែលនឹងនាំមក នូវអ្នកវិនិយោគកូរ៉េ កាន់តែច្រើនមកកម្ពុជា

ភ្នំពេញ៖លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំ ដោយលោក បេ ហេដុង (Bae Hae-dong) ប្រធានសហព័ន្ធសភា ពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ។  

តាមរយៈជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីគោលបំណងក្នុងការស្វែងយល់អំពីស្ថានភាព សក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសការស្វែងយល់ពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យការងារ។

លោក​ ហេង សួរ បានសម្តែងការស្វាគមន៍ និងសង្ឃឹមថា តាមរយៈទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ នឹងនាំមកនូវអ្នកវិនិយោគកូរ៉េកាន់តែច្រើនមកកម្ពុជា ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានដំឡើងកំរិតទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងកៀរគរអ្នកវិនិយោគបរទេស ដោយរាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជាច្រើនក្នុងការ ជួយសម្របសម្រួល ដល់ការវិនិយោគបរទេសនៅកម្ពុជា ដូចជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។ ក្នុងន័យនេះ កម្ពុជាក៏ចង់ឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក Bae Hae-dong បានសម្តែងការគាំទ្រ និង គូសបញ្ជាក់ថា តាំងពីដើមមក កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ រួមទាំងក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ ។ លោកជឿជាក់ថា សហប្រតិបត្តិការ និងទំនាក់ទំនង រវាងប្រទេសទាំងពីរ នឹងនៅតែបន្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ទន្ទឹមនេះ លោកសង្ឃឹមថាកម្ពុជា នឹង បណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ ដែលស្របតាមតម្រូវការការងារ នៅក្នុងប្រទេសកូរ៉េ ។ លោកបង្ហាញថា សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ រង់ចាំរាល់កិច្ចសហការ ដើម្បីដាក់ចេញជាវិធានការរួមគ្នា៕

To Top