ភ្នំពេញ ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបកស្រាយ ចំពោះការបង្ហោះរូបភាព នៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គម យកមកផ្សព្វផ្សាយ និងផ្ទុះប្រតិកម្មរិះគន់។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-12_14-55-23-1-1024x925.jpg)
យោងតាមសេចក្តីបញ្ជាក់ របស់ក្រសួងនាថ្ងៃ១២ ធ្នូនេះបានរៀបរាប់ពីរូបភាព កំពុងទទួលការរិះគន់នោះថា គឺជារូបភាពក្រៅឆាក នៃការថតភាពយន្ត របស់ផលិតករ មកពីចិនសហការជាមួយផលិតករ ក្នុងស្រុក ដែលកំពុងដំណើរការ ថតនៅតំបន់កំពង់ភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ជាមួយនឹងការរិះគន់ ចំពោះភាពខុសឆ្គង ក្នុងការប្រើប្រាស់សម្លៀកបំពាក់ ។
ពាក់ព័ន្ធករណីនេះ នាយកដ្ឋានភាពយន្តបញ្ជាក់ថា ផលិតកម្មរួម គ្នារវាង Palm Film Production របស់កម្ពុជា និង Benchmark Production របស់ចិន ទទួលបានសិទ្ធផលិតភាពយន្តរឿង “និទាននៃព្រៃស្មសាន” ដែលជាភាពយន្តបែបប្រឌិដ្ឋ បរិយាយពីបុរស ជនជាតិចិនម្នាក់ ធ្វើដំណើរចាកចេញពីប្រទេសចិន មកកាន់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលភាគច្រើន នៃសាច់រឿងគឺកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-12_14-55-18-1024x876.jpg)
ប្រភពបន្តថា “រូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយ និងរិះគន់ គឺជាឈុតមួយ ដែលរៀបរាប់អំពីដំណើរ របស់ជនជាតិចិន នៅតំបន់មួយក្នុង ប្រទេសមីយ៉ាន់ម៉ា ដែលនៅក្នុង តំបន់នោះប្រជាជនមីយ៉ាន់ម៉ា ស្លៀកពាក់តាមទម្រង់ដែលផលិតករ កំពុងរៀបចំថត ហើយផលិតករពុំបាន កែច្នៃសម្លៀកបំពាក់ប្រពៃណីខ្មែរ ជាមួយសម្ភារៈបរទេសនោះទេ ។ ជារួមនៅពេលដែលភាពយន្តនេះកាត់ត ដំឡើងរូបភាពសម្រេច នោះទស្សនិកជន នឹងមើលឃើញច្បាស់ថា មិនមែនជាសាច់រឿងកើតនៅកម្ពុជាទេ ហើយក៏មិនផ្តល់ផលប៉ះពាល់ ដល់ប្រពៃណីជាតិយើងដែរ”។
ដូច្នេះ នាយកដ្ឋានស្នើសាធារណៈជន អ្នកសារព័ត៌មាន បណ្តាញសង្គមនានា កុំយករូបភាព នៃសកម្មភាពថតភាពយន្តមកផ្សព្វផ្សាយ និងបកស្រាយខុសពីទិដ្ឋភាពជាក់ស្តែងព្រោះក្រសួងវប្បធម៌ តែងតែពិនិត្យលម្អិតទៅលើសាច់រឿងមុននឹងផ្តល់ជូនផលិតករនូវលិខិត អនុញ្ញាតថត ដើម្បីជៀសវាងផល ប៉ះពាល់ដល់សិល្បៈវប្បធម៌ប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)