ព័ត៌មានជាតិ

មន្ដ្រីក្រសួងមហាផ្ទៃ អំពាវនាវសាធារណជន កុំជឿលើការផ្សាយឈ្មោះ ហេង សិទ្ធី និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវដល់សាធារណជនទាំងអស់ កុំជឿលើការផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ហើយសាធារណជន ត្រូវរួបរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយផងដែរ។

ការលើកឡើងរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Sithy Heng បានបង្ហោះខ្លឹមសារភ្ជាប់រូបភាពជាបន្តបន្ទាប់ ដោយបំភ័ន្តព័ត៌មាន និងចោទប្រកាន់ផ្ទុយសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តាមរយៈសេចក្ដីប្រកាសបដិសេធរបស់ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងនាមជាស្ថាប័នសេនាធិការរាជរដ្ឋាភិបាល ទទួលខុសត្រូវលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានទំនួលខុសត្រូវខ្ពស់ណាស់ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូល ក្នុងនោះក៏រួមទាំងលើការងារប្រឆាំងអំពើពុករលួយ និងជាពិសេសការបង្ក្រាបឧក្រិដ្ឋជនខុសច្បាប់។ ពោលគឺ មិនដូចសំណេរបង្ហោះចោទប្រកាន់បែបរវើរវាយ របស់គណនីហ្វេសប៊ុកឈ្មោះ Sithy Heng នោះឡើយ។

ទន្ទឹមនឹងនេះ ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា «សូមអំពាវនាវសាធារណជន កុំជឿលើការផ្សព្វផ្សាយយកជា ការមិនបានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ឬម្ចាស់គណនី Sithy Heng ព្រមទាំងបញ្ឈប់សកម្មភាពចែករំលែក រាល់ការផ្សព្វផ្សាយមានខ្លឹមសារផ្ទុយនឹងច្បាប់របស់ បុគ្គលនេះ»។

ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តសាធារណជន រួមគ្នាប្រឆាំង ព័ត៌មានក្លែងក្លាយ តួយ៉ាងការប្រតិដ្ឋផ្សាយរវើរវាយដ៏ពុតត្បុតដូចបុគ្គលខាងលើ បាននិងកំពុងប្រព្រឹត្ត ពីព្រោះ វាជា អាវុធបំពុលសង្គមប្រភេទថ្មីដ៏ពេញនិយម និងងាយនាំទៅរកមហន្តរាយទាំងលើបុគ្គល សង្គម និងជាតិទាំងមូល៕

To Top