ពោធិ៍សាត់៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណះកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះកម្មាធិការខេត្តគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២៥ បានអញ្ជើញចុះលើកទឹកចិត្តដល់ប្រជាកសិករក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់អោយចូលរួមចងក្រងសហគមន៍ទំនើប ដើម្បីប្រើប្រាស់ពូជស្រូវប្រាំងផលិតផលក្នុងស្រុក ក្នុងការធានាបាននូវទិន្នផលខ្ពស់ នឹង មានទីផ្សារល្អ។

លោកទេសរដ្ឋមន្ត្រី និងលោកអភិបាលខេត្តបានលើកទឹកចិត្តបែបនេះក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពរាំងស្ងួត និង អន្តរាគមន៍បូមទឹកពីបឹងទន្លេសាបត្រឡប់ចូលផ្លូវទឹកស្ទឹងពោធិ៍សាត់ ដើម្បីស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ដែលកំពុងកង្វះខាតទឹកជាចាំបាច់លើផ្ទៃដី ប្រមាណ ១,១៣១ ហិកតា ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាកសិករក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ដែលកំពុងជួបប្រទះបញ្ហាកង្វះខាតទឹកស្រោចស្រពស្រែប្រាំងនាពេលនេះ។

លោកទេសរដ្ឋមន្ត្រីក៍បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរដែនដី និង មន្ទីរជំនាញពាក់ព័ន្ធ ក្រោមការដឹកនាំ និង បញ្ជាផ្ទាល់ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ័សាត់ និង ជាប្រធានគណះកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តដែលបានចុះជួបជាមួយប្រជាកសិករគ្រប់ពេលវេលា ក្នុងការពិនិត្យ និងឆ្លើយតបអំពីបញ្ហាប្រឈមដោយសារបញ្ហាកង្វះខាតទឹកស្រោចស្រព បើទោះបីជាកន្លែងខ្លះអាចនឹងប្រឈមនឹងការខូចខាតទាំងស្រុងយ៉ាងណាក្តី។

លោកទេសរដ្ឋមន្ត្រីក៍បានលើកទឹកចិត្តដល់ប្រជាកសិករអោយចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីប្រើប្រាស់ពូជស្រូវផលិតក្នុងស្រុកដែលមានការធានា និង ទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធក្នុងការរក្សាបាននូវទិន្នផលខ្ពស់ និង មានទីផ្សារល្អដែលផ្តល់ភាពជឿជាក់ និងទុកចិត្តបំផុតសម្រាប់ប្រជាកសិករ។
លោកទេសរដ្ឋមន្ត្រី ក៍បានណែនាំដល់អាជ្ញាធរដែនដី និង មន្ទីរជំនាញពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់លើសកម្មភាពតាមដានពីទិន្នផលស្រែប្រាំង និង ត្រៀមអន្តរាគមន៍បូមទឹកបញ្ចូលទៅស្រែប្រាំងរបស់ប្រជាកសិករនៅតាមកន្លែងដែលអាចធ្វើទៅបាន អោយបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ពួកគាត់។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី និង លោកអភិបាលខេត្តក៍បានឧបត្ថម្ភប្រេងចំនួន ១,០០០ លីត្រសម្រាប់បន្តអន្តរាគមន៍បូមទឹកដាក់ស្រែទៅតាមតាមសំណូមពររបស់ប្រជាកសិករទាំង ២១៥ គ្រួសារនាពេលនោះផងដែរ៕
