ភ្នំពេញ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ចេញម៉ាស៊ីនបូមទឹកជាង៣០គ្រឿង កម្លាំងជាងមួយរយនាក់ និងសម្ភារៈជាច្រើនទៀត ចុះអន្តរាគមន៍ជួយបូមទឹកសង្រ្គោះស្រូវប្រាំងពលរដ្ឋនៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់ប្រជាកសិករចំនួនបីឃុំ នៃស្រុកចន្ទ្រា រាប់ពាន់ហិកតា ជិតផុតដង្ហើម ដោយសារគ្មានទឹកស្រោចស្រពគ្រប់គ្រាន់។

ក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយ តបសង្រ្គោះបន្ទាន់ និងស្តារឡើងវិញ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តី ក្រសួងការពារជាតិ ក៏ដូចជាអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃ ក្រសួង ការពារជាតិនោះ កងពលតូចបានត្រៀមសម្ភារៈគ្រប់យ៉ាង ដើម្បីជួយអន្តរាគមន៍ ស្រូវប្រាំង ពលរដ្ឋដែលរងគ្រោះដោយសារធម្មជាតិ ពោលគឺខ្វះទឹក ដោយជំហានដំបូងដែលកងពលបញ្ជូន ទៅអន្តរាគមន៍ ចាប់ពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គឺស្ថិតនៅស្រុកចន្ទ្រា ខេត្តសាយរៀង។

បើតាមលោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ថា«កងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំកម្លាំង ១៥០នាក់ ម៉ាស៊ីនបូមទឹកតូចធំជាង ៣០គ្រឿង ចប បង្គី និងសម្ភារៈជាច្រើនចុះជួយ អន្តរាគមន៍បូមទឹក និងទប់ភ្លឺស្រែរបស់ពលរដ្ឋនៅឃុំចំនួនបី នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ខណៈស្រូវប្រាំងរបស់បងប្អូនប្រជាកសិកររាប់ពាន់ហិកតាកំពុងខ្វះទឹកស្រោចស្រពនោះ»។

លោកឧត្តមសេនីយ៍ ហ៊ុល សំអុន បានលើកឡើងទៀតថា កងពលតូចដឹកជញ្ជូនលេខ៩៩ គ្មានការរុញរា នោះឡើយក្នុងការចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលរងគ្រោះ គ្រោះមហន្តរាយផ្សេងៗ មិនថា គ្រោះទឹកជំនន់ រាំងស្ងួត និងបញ្ហាផ្សេងៗ គឺកងពលនឹងចុះជួយគ្រប់កាលៈទេសៈទាំងអស់ មិនថាយប់ ឬថ្ងៃ ដោយគ្មានការរើសអើងនោះឡើយ ឲ្យតែមានបទបញ្ជាភ្លាម នឹងចុះអន្តរាគមន៍ ភ្លាមៗដោយគ្មានបង្អង់យូរនោះទេ។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវធ្វើការតាមដានឲ្យជាប់ជាប្រចាំ និងត្រូវត្រៀម ជួយអន្តរាគមន៍សង្រ្គោះស្រូវប្រាំង របស់ប្រជាកសិករឲ្យបានទាន់ពេលវេលា ខណៈប្រជាកសិករខ្លះបាន កំពុងសម្រុកធ្វើស្រូវប្រាំងនេះហួសផែនការកំណត់ ហើយតំបន់ខ្លះ អាចនឹងប្រឈមខ្វះទឹកនោះ៕






















