ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកវីដេអូមួយ របស់ទណ្ឌិត សម រង្សី ដែលនិយាយរិះគន់ទៅលេីលោក Donald Trump មុនក្លាយជាប្រធានាធិបតី សហរដ្ឋអាមេរិក ក្នុងបទសម្ភាសន៍មួយ ដោយសម្តេចចាំមើលថាតើអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយមដែលតែងតែអួតពីការគាំទ្ររបស់អាមេរិករូបនេះ នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។

នៅលេីបណ្តាញសង្គម នារាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្រាប់តែរំលឹកនូវវីដេអូ របស់ទណ្ឌិត សម រង្សី ដែលបានផ្តល់បទសម្ភាសន៍ ជាមួយ The Cambodia Daily កាលពីថ្ងៃ ១២ កញ្ញា ២០២៤ ដែលក្នុងវីដេអូនេះទៀតសោត ទណ្ឌិត សម រង្សី បានធ្វើការរិះគន់ ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះ ជាបេក្ខជនប្រធានាធិបតី ។
ភ្ជាប់មកជាមួយវីដេអូខាងលេីនេះ សម្តេចធិបតី លេីកឡេីងថា”ឃើញវីដេអូនេះធ្វើឲ្យខ្ញុំនឹកឃើញ នៅពេលកន្លងមក ដែលខ្ញុំតែងតែឃើញអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួន ទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះ ដូចជាលោកស្រី អ៊ុង សានស៊ូជី នៅភូមាកាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥។ ហើយតែងតែដាក់ខ្លួនឆ្ងាយ ពីបុគ្គលដែលចាញ់ឬមានបញ្ហា”។
បន្ថែមលេីនេះ សម្តេចនាយករដ្ឋមន្ត្រី ថែមទាំង បញ្ជាក់ថា “ការដែលលោក សម រង្ស៊ី ហ៊ាន និយាយបែបនេះនៅក្នុងរយៈពេលជាង ១ខែមុនការបោះឆ្នោត នៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថា ប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យ ក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះនោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី ៤៧ របស់អាមេរិក”។
ជាមួយនឹងការរំលឹកអំពី បទសម្ភាសន៍ទណ្ឌិត សម រង្សី ហេីយនោះ សម្តេចធិបតី ថែមទាំងចោទជាសំណួរថា “ខ្ញុំរង់ចាំមើលថាតើ អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិក នឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ? បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើ បុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ។ សង្ឃឹមថាគាត់មិនចោទថាការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ”៕
