ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ង្វៀន មីញវូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នាថ្ងៃ១២ កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកឡើងវិញថា ការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និងការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-18-55-1024x684.jpg)
សម្តេចតេជោបានបន្តរំលឹកឡើងវិញ នូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម តាំងពីឆ្នាំ១៩៦៧ ជាពិសេស ការជួយរបស់កម្ពុជា ដល់ប្រទេសវៀតណាម និងការជួយឧបត្ថម្ភរបស់វៀតណាម ដល់រូបសម្តេច និងកម្ពុជា ឱ្យរស់រានមានជីវិត និងការតស៊ូរំដោះជាតិ ដែលជាប្រវត្តិសាស្រ្តមិនអាចបំភ្លៃបាន ហើយដែលសម្តេចបានរៀបចំចងក្រង ឱ្យមានជាកម្រងខ្សែភាពយន្ត។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-18-59-1024x682.jpg)
សម្តេចបានគូសបញ្ជាក់បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រង ២/៣នៃប្រវត្តិទំនាក់ទំនងនេះ ហើយការរីកចម្រើនរបស់កម្ពុជានាពេលនេះ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភដ៏ធំធេង របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការរំដោះប្រទេសកម្ពុជា និង ការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដែលជាចំណុចចាប់ផ្តើម និងជាមូលដ្ឋាននៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករហូតពេលបច្ចុប្បន្ន។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-12_14-19-02-1024x682.jpg)
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានផ្តល់អនុសាសន៍ឲ្យឯកអគ្គរដ្ឋទូត ឲ្យយកចិត្តទុកដាក់ផ្តោតលើការតភ្ជាប់ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរជាស្នូល ដើម្បីជាមូលដ្ឋានជំរុញបន្ថែម នូវទំនាក់ទំនងផ្នែកនយោបាយ។ ក្រៅពីក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីតំបន់នានា សម្តេចតេជោ បានស្នើឲ្យមានការពង្រឹងការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដោយសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមឲ្យគ្នា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)