ព័ត៌មានជាតិ

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ៖ ការបាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះឡើង ដើម្បីសុខមាលភាពប្រជាពលរដ្ឋ

ភ្នំពេញ៖​ គិតមកដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សកម្មភាពនៃការបាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពបាញ់សារចុះសារឡើងនូវឡើយ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ជំងឺគ្រុនឈាម ខណៈដែលជំងឺនេះ តែងតែតាមយាយីសុខភាពប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨កុម្ភៈនេះថា គិតមកដល់ពេលនេះ ក្រុមការងារបាញ់ថ្នាំសម្លាប់មូស នៅតែអនុវត្តទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សកម្មភាពរបាញ់ថ្នាំសម្លាប់មូស នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព បាញ់សារចុះសារឡើងទៅវិញទៅមក ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម។

លោកស្រីអ្នកនាំពាក្យបានបន្ថែមថា អាជ្ញាធរខណ្ឌទាំង១៤ ក្រោមការសហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីបានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសយ៉ាងមមាញឹក ពោលគឺមិនទាន់បានសំរាកនូវឡើយទេ។ នេះជាគិតគូររបស់លោកអភិបាលរាជធានីភ្នំពេញ ចំពោះសុខភាពសាធារណៈប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីដើមខែមករាឆ្នាំ២០២៥ កន្លងមកលោក ឃួង ស្រេង បានណែនាំ ឱ្យអាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងារ របស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសក្នុងជុំទី១ ហើយកាលពីថ្ងៃ០៨កុម្ភៈឆ្នាំ២០២៥ លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យបើកយុទ្ធនា​ការ ចុះធ្វើការបាញ់ថ្នាំសម្លាប់មូស ក្នុងជុំទី២ទៀត ដោយសារ មើលឃើញថាមូស បានកើតមានឡើងវិញ និងមានចំនួនច្រើន ដែលអាចបង្កហានិភ័យ ដល់សុខមាលភាពប្រជាពលរដ្ឋបន្តទៀត។

គួរបញ្ជាក់ដែរថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ មករាឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ចំនួន១៦ថ្ងៃ។ ចំណែកជុំទី២នេះ បានអនុវត្តកាលពីថ្ងៃ០៨កុម្ភៈឆ្នាំ២០២៥ ដោយបង្វែរការបាញ់ថ្នាំសម្លាប់មូស ពីខាងក្រៅមកបាញ់តាមផ្ទះប្រជាពលរដ្ឋវិញ ដើម្បីសម្លាប់មូសគ្រប់ប្រភេទ នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ កាត់បន្ថការព្រួយបារម្ភរបស់បងប្អូន ដោយសារតែកាលពីជុំទី១ ក្រុមការងារចុះបាញ់ថ្នាំមូស បានបាញ់នៅខាងក្រៅផ្ទះប្រជាពលរដ្ឋ ពោលគឺបាញ់នៅតាមប្រឡាយ លូ និង តាមព្រៃប៉ុណ្ណោះ ហើយសម្មភាពនេះ មកដល់ថ្ងៃទី១៨កុម្ភៈនេះ មិនទាន់បានបញ្ចប់នូវឡើយទេ៕

To Top