ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានកោតសរសើរ លោកជំទាវទី១ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ និងជាប្រធានកិត្តិយស មូលនិធិគន្ធបុប្ផា ដែលបានធ្វើជាគំរូស្ត្រីវ័យក្មេង ដ៏ប៉ិនប្រសព្វក្នុងការអប់រំក្មេងស្រី និងបានដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជាសម្រេច បានសមិទ្ធផលដ៏ឧត្តុង្គឧត្តមជាបន្តបន្ទាប់ ។

យោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រី ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់ ពេលប៉ុន្មានថ្ងៃខាងមុខនេះ បានឲ្យដឹងថា បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត គឺជាឥស្សរជនវ័យក្មេងដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ និងបានរួមចំណែកដ៏ធំធេង ក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាពិសេស បានអប់រំទូន្មានដល់ក្មេងស្រីៗនៅទូទាំងប្រទេស ឲ្យមានការយល់ដឹង ទូលំទូលាយ ។
ទន្ទឹមនឹងនេះ ព្រះមហាក្សត្រីក៏បានកោតសរសើរ និង អរគុណដល់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានដឹកនាំដ៏វាងវៃ កម្មវិធីមនុស្សធម៌ និង បានរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយ ភាពងាយរងគ្រោះរបស់ប្រជារាស្ត្រ ក្នុងគោលបំណង មិនទុកនរណាម្នាក់ឲ្យនៅ ឯកោ ស្របតាមគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
នាទិវាដ៏ថ្លៃថ្លានេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុបានគាំទ្រក្រសួងកិច្ចការនារី ដែលបានលើក យកប្រធានបទសកលស្តីពី សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប សម្រាប់ជាប្រធាន បទក្នុងយុទ្ធនាការអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបទី១១៤ ដែលប្រធានបទនេះ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង។ ប្រធានបទនេះ ក៏មានគោលបំណង គូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាច ដល់ស្ត្រីនិង ក្មេងស្រីគ្រប់រូប នៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការ សហប្រជាជាតិ ដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី ។
ទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរំឭកពីវីរភាព នៃការតស៊ូ របស់នារីទូទាំងសកលលោក ក្នុងការទាមទារឲ្យមានការលើកកម្ពស់សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិ ស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម៕
