ព័ត៌មានជាតិ

នគរបាលខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការ ត្រួតពិនិត្យតេស្ត រកសារធាតុញៀន លើអ្នកបើកបរថយន្តធុនធំ

បន្ទាយមានជ័យ ៖ អនុវត្តតាមការណែនាំ និងបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរងផែនការងារ សណ្តាប់ធ្នាប់ បានដឹកនាំកម្លាំង ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ចុះបើកប្រតិបត្តការត្រួតពិនិត្យតេស្ត រកសារធាតុញៀន តាមរយៈទឹកនោម លើអ្នកបើកបររថយន្តធុនធំ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិព្រែកល្ពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលយើង បានឃាត់រថយន្តធុនធំចំនួន៤៩គ្រឿង អ្នកបើកចរចំនួន៤៩នាក់ យកមកត្រួតពិនិត្យតេស្តរកសារធាតុញៀន តាមរយៈទឹកនោម លទ្ធផលបានបង្ហាញអវិជ្ជមាន គ្មានសារធាតុញៀន ។

លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា បានថ្លែងថា គោលបំណងនៃការចុះត្រួតពិនិត្យ និងធ្វើតេស្តរកសារធាតុញៀន លើអ្នកបើកបររថយន្តធុនធំ គឺនគរបាលយើងធ្វើឡើង ដើម្បី ធានាសុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជាការ បង្ការ ទប់ស្កាត់ អ្នកបើកបរក្រោមឥទ្ធិពល សារធាតុញៀន សំដៅធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅកម្រិតទាបបំផុត តាមដែលអាចធ្វើបាន ៕

To Top