ស្វាយរៀង៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ដែលប្រព្រឹត្តទៅ សាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥។
ក្នុងឱកាសនោះ លោកសុខ រស់បានថ្លែងថា អង្គសិក្ខាសាលាថ្ងៃនេះ នឹងផ្តល់នូវចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងវិស័យ ធានារ៉ាប់រង ជាពិសេសផលិតផលធានារ៉ាប់រង ការពារកម្ចី និងផលិតផលធានារ៉ាប់រងបន្ថែម លើជំងឺធ្ងន់ធ្ងរ តាមរយៈការធ្វើបទបង្ហាញ ដោយផ្ទាល់របស់ក្រុមការងារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា។

បន្ថែមលើសពីនេះ លោកសុខ រស់ បានលើកទឹកចិត្តដល់មន្ត្រី តំណាងមន្ទីរនៃខេត្តស្វាយរៀង សាធារណជន ក៏ដូចជាតំណាងក្រុមហ៊ុនឯកជន ពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីទាញយកនូវពុទ្ធិថ្មីៗពីការផ្លាស់ប្តូរមតិយោបល់ជាមួយនឹង វាគ្មិនជំនាញ និងអង្គសិក្ខាសាលាទាំងមូល ។
លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋាន អភិវឌ្ឍន៍ទីផ្សារ បានថ្លែងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹង ពីក្របខណ្ឌគោល-នយោបាយសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រង, ទិដ្ឋភាពទីផ្សារធានារ៉ាប់រង, អត្ថប្រយោជន៍ របស់ផលិតផល ធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជន នៅក្នុងខេត្តស្វាយរៀង ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ច.ក. ក្នុងការការពារផល ប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជន លើការប្រើប្រាស់ សេវាធានារ៉ាប់រង។

លោកបានបន្ថែមថា សិក្ខាកាមបានបង្ហាញ នូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រង អាយុជីវិតមាន កាលកំណត់ ដែលជាផលិតផលផ្តល់ នូវអត្ថប្រយោជន៍ ក្នុងការការពារកម្ចី និង ការការពារលើជំងឺធ្ងន់ធ្ងរ ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញ ចំណាប់អារម្មណ៍លើតួនាទី របស់និយ័តករធានា រ៉ាប់រងកម្ពុជា ក្នុងការគ្រប់ គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍ របស់សាធារណជន ដែលប្រើប្រាស់សេវាធានា រ៉ាប់រង។
សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់ បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការប្រើប្រាស់ នៅសេវាធានារ៉ាប់រងអាយុជីវិត និង នីតិវិធីនៃការទទួល និង ដោះស្រាយបណ្តឹង ធានារ៉ាប់រង ព្រមទាំងឆ្លើយតប ឱ្យបានសមស្របទៅនឹងហានិភ័យ ដែលបណ្តាល ឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេល ដែលមានបញ្ហាសុខភាព ពិការភាពទាំងស្រុង ឬបាត់បង់អាយុជីវិត ៕

