ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា សន្តិភាពជាកត្តាចម្បងក្នុងការកំណត់ពីសិទ្ធិ និងតួនាទីរបស់ស្រ្តី។ មានសន្តិភាពទើបសិទ្ធិ និងតួនាទីរបស់ស្រ្តី ក្នុងសង្គមត្រូវបានលើកកម្ពស់ និងការពារ។
សម្តេច ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការជានារី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប »។

សម្តេច បន្ដថា នៅពេលប្រទេសជាតិជួបភ្លើងសង្រ្គាមតួនាទីនិងសិទ្ធិរបស់ស្រ្តីនឹងបាត់បង់មុនគេ។ ដូច្នេះការថែរក្សាសុខសន្តិភាពជាការចាំបាច់បំផុតរបស់ស្រ្តីក៏ដូចជាប្រជាពលរដ្ឋគ្រប់រូប។ មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ស្រ្តីនិងពលរដ្ឋទូទៅមានសិទ្ធិនិងសេរីភាពស្មើៗគ្នា ដូចពេលបច្ចុប្បន្ននេះ។ ក្រោមម្លប់សុខសន្តិភាពគ្រប់គ្នាមានសិទ្ធិ មានសេរីភាព ហើយសមភាពយេនឌ័រ ត្រូវបានការពារនិងលើកកម្ពស់ជានិច្ច។

សម្តេច ឃួន សុដារី បានលើកឡើងបន្តថា ចាប់តាំងពីក្រោយថ្ងៃរំដោះ រហូតដល់ពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកកម្ពស់សិទ្ធិស្ត្រី ជាមួយនឹងក្របខ័ណ្ឌគោលនយោបាយនិងវិធានការជាក់ស្តែងនានា ដូចមានក្នុងយុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល ក្នុងអំឡុងពេលដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅជានាយករដ្ឋមន្រ្តី បានចាត់ទុក«ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ជួយស្រ្តីគឺជួយខ្លួនឯង»។ ការយកចិត្តទុកដាក់លើសមភាពយេនឌ័រនេះ បានបន្តកេរដំណែលដល់រាជរដ្ឋាភិបាលជំនាន់ថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដោយសម្តេចចាត់ទុកជាអាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី ១។
សម្តេចធិបតី បានមានប្រសាសន៍ថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើន»។ ក្រៅពីនេះ កម្ពុជា ក៏មានពាក្យស្លោកជាច្រើនដែលលើកកម្ពស់ដល់ស្រ្តីផងដែរ ដូចជា “ជួយស្រ្តីគឺជួយខ្លួនឯង” “សមភាពថ្ងៃនេះដើម្បីអនាគតយូរអង្វែង” “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” និង “ស្រ្តីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” ជាដើម៕
