ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ តាមរយៈការធ្វើកិច្ចអន្តរាគមន៍​ សហប្រតិបត្តិការអន្តរវិស័យនាំឱ្យពលរដ្ឋ ជឿជាក់ លើសេវាសុខាភិបាលរដ្ឋ

ភ្នំពេញ៖ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទនារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ​មន្ត្រីក្រសួងសុខាភិបាល បានគូស បញ្ជាក់ថា តាមរយៈការធ្វើអន្តរាគមន៍​ សហប្រតិបត្តិការអន្តរវិស័យ ដែលមានការចូលរួមគាំទ្រជានយោបាយរួមពីក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រព័ន្ធការគាំពារសុខភាពសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការជឿជាក់ ហើយចូលមកប្រើប្រាស់សេវាសុខាភិបាល​រដ្ឋ ដែលស្ថិតនៅក្នុងលំនាំផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលបានដាក់ចេញ ។

ក្នុងសន្និសីទនេះដែរ លោករដ្ឋមន្ត្រី​បានលើកឡើងថា ការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធនានានេះ សំដៅធ្វើយ៉ាងណា ឱ្យការចូលរួមគាំទ្រ​ជានយោបាយសុខាភិបាលមួយដែលស្ថិតនៅក្រោមប្រតិបត្តិការ របស់ក្រសួងសុខាភិបាលពិតមែន ប៉ុន្តែអន្តរវិស័យពាក់ព័ន្ធបានចូលរួម ហើយធ្វើឱ្យទទួលបាននូវជោគជ័យ ក្នុងការប្រើប្រាស់សេវាសាធារណៈ ប្រកបទៅដោយប្រសិទ្ធភាព ។

លោកសាស្ត្រាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា “កត្តាដែលទី១ ដែលនាំឱ្យមានការរីកចម្រើននេះ មានការ ការគាំពារសុខភាពសង្គម ដែលយើងឃើញថា មានមូលនិធិសមធម៌ មាន ប.ស.ស. ទាំងនេះហើយនាំឱ្យមានកត្តា ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការជឿជាក់ ហើយចូលមកប្រើប្រាស់ នូវសេវាសុខាភិបាលយើង ដែលស្ថិតនៅក្នុងលំនាំគោលផែនការយុទ្ធសាស្ត្ររបស់ផែនទីបង្ហាញផ្លូវដែលរាជរដ្ឋាភិបាល បានដាក់ចេញ គឺថាការគ្រប់ដណ្តើបសុខភាពជាសកល ពី២០២៤ ដល់២០៣៥នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការគ្នា រវាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងការងារ។ល។ ដែលយើងបានធ្វើ​ឱ្យគ្រប់ដណ្តប់មកដល់ពេលនេះ គឺថា ៤៤%ហើយ យើងនិយាយជាលេខមូល ៤៤% នៅលើពលរដ្ឋនៅទូទាំងប្រទេស” ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រីសុខាភិបាល បានកត់សម្គាល់ឃើញថា សេវាសាធារណៈនាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋ បានងាកមកប្រើប្រាស់មានចំនួនច្រើន បើប្រៀបធៀបសេវាទាំងរដ្ឋ និងឯកជន ។

សាស្ត្រាចារ្យឈាង រ៉ា បន្តថា សេវាសុខាភិបាលឯកជនមានប្រហែល១៣០ ឬ១៤០ទីតាំង ក៏បានចាប់ផ្តើមចូលរួមជាមួយក្រសួងក្នុងការគាំពារសង្គមនេះតាមរយៈមូលនិធិសមធម៌ និង ប.ស.ស. ។ នេះបញ្ជាក់ថាពលរដ្ឋ មានការជឿទុកចិត្តជាខ្លាំង។

ជាមួយគ្នានេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា កំណើនការទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ មកលើសេវាសុខាភិបាលសាធារណៈ​ ជាពិសេសការគាំពារសង្គមនេះ កើតឡើងបានដោយសារអាស្រ័យទៅលើគុណភាព ដែលលោកចាត់ទុកថា គឺជាការយកចិត្តទុក ដាក់ជាសំខាន់របស់ក្រសួងសុខាភិបាល ដើម្បីបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ដែលអាចបើក ចំហរឱ្យប្រជាពលរដ្ឋ ប្រើប្រាស់ដោយទូលំទូលាយ៕

To Top