ភ្នំពេញ៖ បន្ទាប់ពីសង្កេតឃើញថា មានសកម្មភាព ឬការបញ្ចេញមតិ របស់ពលរដ្ឋខ្មែរមួយចំនួន ហាក់ប៉ះពាល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូដល់អ្នកដទៃ ជាពិសេសស្ត្រីភេទនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរ ទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដី ជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ ។
នៅលើសំណេររបស់សម្តេចធិបតី បានលើកឡើងថា “ខ្ញុំសង្កេតឃើញថា មានសកម្មភាព ឬការបញ្ចេញមតិ របស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូរ របស់អ្នកដទៃ ជាពិសេសស្ត្រីភេទ” ។
ក្នុងនោះ សម្តេចធិបតី គិតថា អ្នកដែលធ្វើសកម្មភាព ឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ ចំពោះសកម្មភាព ឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថា ជារឿងលេងសើចធម្មតា មិនមានអ្វីធ្ងន់ធ្ងរនោះទេ ។
បន្ថែមលើនេះ សម្តេចធិបតី លើកឡើងថា “ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថា សកម្មភាពឬពាក្យសម្ដីទាំងនោះ អាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នក ដែលត្រូវទទួលរងនូវសកម្មភាព ឬពាក្យសំដីទាំងនោះទេ” ។
សម្តេចធិបតី ក៏បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាពឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ ឱ្យស័ក្តិសមជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្គមស៊ីវិល័យ ។
ក្នុងនោះសម្តេចគូសបញ្ជាក់ថា “បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់ គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម”៕
