ភ្នំពេញ ៖ លោក ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាល ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងការពារ តាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តទិសប្រាសាទតាក្របី ខេត្តឧត្ដរមានជ័យ និង ច្រកទ្វារតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យ និងច្រកព្រំដែន មួយចំនួនផ្សេងទៀត។ នេះបើយោងតាម កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

នាឱកាសនោះ លោក រដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងការពារ បូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

ជាមួយគ្នានោះដែរ លោក រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជូនពរឱ្យយោធិនទាំងអស់ មានសុខភាពល្អមាំមួន ដើម្បីបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ព្រមទាំងបាននាំយកនូវអំណោយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់យោធិនផងដែរ។

លោកមេបញ្ជាការរង នាយសេនាធិការ ព្រមទាំង នាយទាហាន នាយទាហានរង និង ពលទាហាន បានគោរពថ្លែងអំណរគុណ ចំពោះការអញ្ជើញ ចុះជួបសួរសុខទុក្ខដោយផ្ទាល់ របស់លោក ឡាំ ជា និងក្រុមការងារថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ ជីវភាព និងការរស់នៅរបស់កងទ័ពសមរភូមិមុខ ដែលជំរុញឲ្យកងទ័ពកាន់តែមានស្មារតី អង់អាចក្លាហាន ក្នុងការបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងបម្រើប្រជាជន គ្រប់កាលៈទេសៈ ។

សូមរំលឹកថា វត្តមានរបស់រដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការព្រំដែន នៅពេលនេះធ្វើឡើង ក្រោយពីមានភាពតានតឹងពាក្យសម្តីរវាងកងទ័ព កម្ពុជានិងថៃ ដែលឈរជើងនៅប្រាសាទតាមាន់ កាលពីខែមុន និងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ បានធ្វើទស្សនកិច្ចនៅព្រំដែនកម្ពុជា ថៃនាពេលថ្មីៗនេះ៕
