ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការ WorldFish ដឹកនាំដោយ លោកស្រីបណ្ឌិត Michelle Tigchelaar ប្រធានកម្មវិធីផលប៉ះពាល់ ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបរិស្ថាន WorldFish ប្រចាំនៅប្រទេសម៉ាឡេស៊ី។
កិច្ចពិភាក្សាបានផ្តោតលើកិច្ចសហប្រតិបត្តិការគ្នារវាងក្រសួងបរិស្ថាន និងអង្គការ WorldFish ដើម្បីការពារ អភិរក្សធនធានជលផល និងជីវៈចម្រុះរបស់កម្ពុជា និងនៅក្នុងតំបន់ ដោយបានលើកឡើងនូវគម្រោងសំខាន់ៗ មួយចំនួនដូចជា ការអភិរក្សក្តាមធម្មជាតិ ការស្តារប្រព័ន្ធអេកូឡូស៊ី ការសម្អាតទន្លេសាប និងការអភិវឌ្ឍន៍វារីវប្បកម្មប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្រ្តីបានបន្តទៀតថា ការធានាបាននូវសន្តិសុខស្បៀង តាមរយៈការបណ្តុះស្មារតី ប្រជាសហគមន៍មូលដ្ឋានឱ្យចេះការពារ អភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិដែលមានស្រាប់ នៅក្នុងសហគមន៍ដែលពួកគេរស់នៅ គឺជាការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលដៅលំហែបៃតង រួមនឹងការដាំដុះព្រៃកោងកាងឡើងវិញ ដើម្បីការពារជម្រក និងធ្វើឱ្យចំនួនសត្វស្លាប សត្វមានជីវិតក្នុងទឹកដូចជាក្តាម បង្គា ត្រីមានការកើនឡើង ហើយនឹងក្លាយជាអាហារប្រចាំរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលបានទៅកម្សាន្តតំបន់ទាំងនោះ។
ស្របជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តជាជំហានៗ ដោយផ្តើមចេញពីការកាត់បន្ថយសំរាមប្លាស្ទិក និងឈានជាបន្តបន្ទាប់ទៅដល់ ការសម្អាតសំរាមប្លាស្ទិកទាំងស្រុង នៅក្នុងផ្ទៃទឹករបស់កម្ពុជា រួមទាំងផ្ទៃទន្លេមេគង្គទាំងមូល ដែលបានហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។
លោកស្រីបណ្ឌិត Michelle Tigchelaar និងសហការី WorldFish បានសម្តែងការសាទរចំពោះការងារ អាទិភាពដែលក្រសួងបរិស្ថានសម្រេចបាន និងចូលរួមចំណែកតាមរយៈកិច្ចសហប្រតិបត្តិការនេះ ដោយផ្តោតលើកម្មវិធីវិទ្យាសាស្ត្រថ្មីរបស់ Consultative Group on International Agricultural Research (CGIAR) ដែលជាអង្គភាពស្រាវជ្រាវកសិកម្មអន្តរជាតិដ៏សំខាន់មួយ លើការដោះស្រាយបញ្ហាប្រឈមជាសកល ដែលទាក់ទងនឹងសន្តិសុខស្បៀង ភាពក្រីក្រ និងបរិស្ថាន សម្រាប់ជីវៈចម្រុះ និងការបន្ស៊ាំខ្លួនទៅនឹង ការប្រែប្រួលអាកាសធាតុឈ្មោះថា «វារីវប្បកម្មប្រកបដោយនិរន្តរភាព» សម្រាប់មូលនិធិអាកាសធាតុបៃតង (GCF) ក្នុងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការការពារធនធានធម្មជាតិនៅកម្ពុជា សមស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានភាពស្អាត ភាពបៃតង និងចីរភាព ៕





