ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជនណា ដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។
តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី១ មេសា នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា យោងតាមច្បាប់ ស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក មាត្រា២៥៩ បានចែងថា ៖ ជនណាដែលបានធ្វើនាវាចរណ៍ដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពតាមបទប្បញ្ញត្តិ ស្តីពីនាវាចរណ៍តម្រូវ បណ្តាលឱ្យអ្នកដទៃបាត់បង់ជីវិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ១២ ០០០ ០០០(ដប់ពីរលាន) រៀល។
អំពើល្មើសខាងលើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ (ពីរ)ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ពី៨ ០០០ ០០០ (ប្រាំបីលាន) រៀល ទៅ២០ ០០០ ០០០ (ម្ភៃលាន) រៀល ក្នុងករណីណាមួយ ដូចខាងក្រោម៖
១- គ្មានវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិក ឬវិញ្ញាបនបត្រសមត្ថភាពជំនាញនាវិកបដ្ឋិលេខដែលតម្រូវឱ្យមាន អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។
២- បណ្តាលឱ្យមនុស្សស្លាប់ច្រើននាក់។
៣- រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ។
៤-ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,៤០(សូន្យក្បៀសសែសិប)មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ (សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រឈាមឡើងទៅ៕
