ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំង ត្រួតពិនិត្យភូមិសាស្ត្រ តំបន់ឡូតិ៍អភិរក្សពូជត្រី ចំនួន៥ នៅឃុំផាត់សណ្ដាយ ដើម្បីរៀបចំកងកម្លាំង ប្រចាំការការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ 

កំពង់ធំ÷នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុ ប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរ​ដោយ​លោក​វរសេនីយ៍ឯក​សោម​ សុភា​វុធ​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ បានដឹកនាំកងកម្លាំង ត្រួតពិនិត្យភូមិសាស្ត្រ តំបន់ឡូតិ៍អភិរក្សពូជត្រី ចំនួន៥ នៅក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដេីម្បី​ ដាក់​ផែនការ ការប្រេីប្រាស់កម្លាំង​ការ​ពារ​ ក្នុង​ឱកាសបុណ្យ​ចូល ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ខាង​មុខ​នេះ​ ។ 

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាព ដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តទាំង០៥ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង និងខេត្តកំពង់ធំ ក្នុងតំបន់បឹងទន្លេសាប  ស្ដីពីវិធានការមុឺងម៉ាត់ ក្នុងការ ការពារតំបន់ឡូតិ៍អភិរក្សពូជត្រី , ការគ្រប់គ្រងការហ៊ុំព័ទ្ធសម្រាសយកត្រី ដែលប្រព្រឹត្តដោយឧបករណ៍នេសាទខុសច្បាប់  និងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមានគោលបំណង ទស្សនាកំសាន្តក្នុងបឹងទន្លេសាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឲ្យទទួលបានសន្តិសុខនិងសុវត្ថិភាពល្អ ។

   នៅក្នុងឱកាសត្រួតពិនិត្យ តាមតំបន់ឡូតិ៍អភិរក្សពូជត្រីទាំង៥ មានទី១ តំបន់ឡូត៍អភិរក្សព្រែកខ្សាច់ ទី២ តំបន់ឡូត៍អភិរក្ស ព្រែកធ្លក , ទី៣ តំបន់ឡូត៍អភិរក្សព្រែកតាប៉ា ,ទី៤ តំបន់ឡូត៍អភិរក្ស ព្រែកបា  និងទី៥​ តំបន់ឡូត៍អភិរក្ស លេខពីរស្ទួន  ដែលត្រូវរៀបចំកងកម្លាំងសហការ ជាមួយស្ថាប័នជំនាញនិងអាជ្ញាធរដែនដី ដើម្បីគ្រប់គ្រង ការពារឱ្យបាន មិនឱ្យមានការកេីតឡេីងនូវសកម្មភាពលួចឆក់ត្រី ឬសកម្មភាពនេសាទ គ្រប់ប្រភេទ នៅក្នុងតំបន់ហាម ឃាត់នេះ ក្នុងរដូវបុណ្យចូលឆ្នាំដែលជាថ្ងៃ ឈប់សម្រាកនេះបានជាដាវ់ខាត​។

  នៅក្នុងឱកាសត្រួតពិនិត្យភូមិសាស្ត្រនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានជួបណែនាំប្រជាពលរដ្ឋចំនួន ៥​ គ្រួសារ ដែលជាជនចំណាកស្រុកមកពីខេត្តកំពង់ឆ្នាំង បាន​មកបោះជម្រកស្នាក់នៅបណ្ដោះ អាសន្ន ប្រកបមុខរបរធ្វើចំការ នៅក្នុងតំបន់ឡូត៍អភិរក្សនេះ ដោយមិនអនុញ្ញាត ឲ្យធ្វើសកម្មភាពនេសាទ ទោះបីក្នុងរូបភាពណាក៏ដោយ​ ហើយនិងបានសំណូមពរ ទៅអាជ្ញាធរដែនដី និងស្ថាប័នជំនាញ ដើម្បីមានវិធានការ ចំពោះពួកគាត់ ដើម្បីធ្វើការរុះរើ ចាកចេញ ​ពី​តំបន់​ហាម​ឃាត់​នេះ ​តាមច្បាប់ស្ដីពីជលផល ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ច ជូនកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវចាត់តាំងកម្លាំងយាមល្បាតប្រចាំការ ២៤ លើ ២៤ ម៉ោង នៅក្នុងតំបន់ឡូត៍អភិរក្ស ទាំង៥ខាងលើនេះ នៅក្នុងឱកាសថ្ងៃឈប់ សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំងមូល ៕ ដោយសំនៀង

To Top