ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរួមគ្នាទប់ស្កាត់ ដើម្បីកាត់បន្ថយកត្តាហានិភ័យ ដែលបង្កឱ្យមានជំងឺមហារីក

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក ។

នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង សុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិ ដ៏មានសារៈសំខាន់នេះ ឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រង សម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ សេវាសុខាភិបាល និងរួមចំណែកម្ខាង ដល់ការសម្រេចឱ្យបាន នូវការគ្របដណ្តប់សុខភាពជាសកល និងម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចបវរធិបតី បន្ដថា ក្នុងចំណោមកម្មវិធីគោល នយោបាយអាទិភាពចំនួន៦ ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់ សុខភាពជាសកល ខណៈដែលផែនទី បង្ហាញផ្លូវទៅកាន់ការគ្រប ដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្ត កាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់ គោលដៅច្បាស់លាស់ ចំនួន ៣៖ ទី១. ពង្រីកវិសាលភាពគ្រប ដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០ភាគរយ នៃចំនួនពលរដ្ឋសរុប ទី២. សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០ភាគរយ និង ទី៣. កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការ ថែទាំសុខភាពឱ្យនៅត្រឹម ៣៥ភាគរយ នៃចំណាយសរុបលើការថែទាំសុខភាព។

សម្តេចបវរធិបតី បន្ថែមថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបាន ជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោល- ការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព»។

សម្តេចបវរធិបតី បន្ដថា ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈ អមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្ស ផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។ ខ្ញុំ ក៏សូមអំពាវនាវដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ, សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិ សន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវា ថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ៕

To Top