ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នាថ្ងៃ២ ឧសភា បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន បុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខសប្បាយ និងសេចក្តីសុខចំរុងចម្រើន។

អគាររដ្ឋបាលនៃទីស្តីការក្រសួងសុខាភិបាល ដែលមានកំពស់១១ជាន់ ដំបូលទែរ៉ាស់ ប្រវែងបណ្តោយ៤៤.៦០ ម៉ែត្រ និងទទឹង២២.៤៤ម៉ែត្រ ស្ថិតនៅលើវិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាសំណង់អគារថ្មីមួយទៀតនៃវិស័យសុខាភិបាល នឹងលេចចេញឡើងនាពេលខាងមុខនេះ។ អគារនេះ នឹងចូលរួមមួយចំណែកបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែង ក្នុងការផ្តល់ភាពងាយស្រួល ដល់ការបម្រើសេវាផ្នែករដ្ឋបាល នៃសុខាភិបាល។

រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាននាំមកនូវសមិទ្ធផលជាច្រើន ដែលស្តែងចេញពីភាពរីកចម្រើន លើគ្រប់វិស័យ ពិសេសក្នុងវិស័យសុខាភិបាល ក្រោមការយកចិត្តទុកដាក់ គិតគូរ និងផ្តល់អាទិភាពដ៏ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ទៅលើសុខុមាលភាពប្រជាជន ៕













