ភ្នំពេញ ៖ កើតឡើងពីការកែច្នៃ តាមបែបប្រពៃណី ប្រហុកសៀមរាប ត្រូវបានចុះបញ្ជីជា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីជំរុញញកំណើនសេដ្ឋកិច្ច នៅថ្ងៃ៥ ឧសភា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន រួមរបស់ក្រសួងពាណិជ្ជកម្មនិងEU ។
កម្ពុជាបានសម្ពោធប្រហុកសៀមរាប ជាម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញនេះ ដើម្បីអបអរសាទរទិវាកម្មសិទ្ធិ បញ្ញាពិភពលោក ឆ្នាំ២០២៥ ។ នេះជាជំហានដ៏សំខាន់មួយ ក្នុងការអភិរក្សការ អនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍ មូលដ្ឋាន ដែលគាំទ្រដល់កំណើន សេដ្ឋកិច្ចជាតិ។ សមិទ្ធផលនេះកើតចេញលទ្ធផល នៃកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង-ស្ថាប័នទទួលបន្ទុក តាមរយៈគម្រោងអភិវឌ្ឍន៍ ក្រោយប្រមូលផលជលផល (CAPFISH-Capture) ដែលគាំទ្រថវិកា ដោយសហភាពអឺរ៉ុប (EU) និងអនុវត្តដោយអង្គការ អភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ (UNIDO) សហការជាមួយរដ្ឋបាលជលផល និងក្រសួងពាណិជ្ជកម្ម ។

លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង កសិកម្មមានប្រសាសន៍ថា “ការទទួលស្គាល់ជាផ្លូវការ នូវប្រហុកសៀមរាប ជាផលិតផល ម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ បានឆ្លុះបញ្ចាំងពីការបន្តខិតខំប្រឹង ប្រែងក្នុងការការពារ និងលើកកម្ពស់ ទ្រព្យសម្បត្តិ វប្បធម៌ដ៏ពិសេសរបស់កម្ពុជា តាមរយៈក្របខ័ណ្ឌកម្មសិទ្ធិបញ្ញាដ៏រឹងមាំ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាការការពារ ចំណេះដឹងប្រពៃណីប៉ុណ្ណោះទេ ថែមទាំងអាចពង្រឹងបាននូវទីផ្សារ និងភាពប្រកួតប្រជែង នៃផលិតផលក្នុងស្រុក ទាំងក្នុង និងក្រៅប្រទេស”។
លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាគូសបញ្ជាក់ដែរថា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) មានតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ដែលមានការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញជាង៣៥០០ ហើយ EU បានគាំទ្រការអភិវឌ្ឍកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កម្ពុជា ជាងមួយទសវត្សន៍មកហើយតាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស។ កិច្ចខិតខំប្រឹងប្រែងរបស់ EU ផ្តោតទៅលើច្រវាក់តម្លៃជលផលប្រកបដោយ និរន្តរភាព និងស្តង់ដារគុណភាព ដើម្បីលើកកម្ពស់នវានុវត្តន៍ ក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងវប្បធម៌របស់ផលិតផលក្នុងស្រុក” ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម បានឲ្យដឹងថា “ប្រហុកសៀមរាប គឺជាតំណាងនៃការផ្សារភ្ជាប់គ្នា រវាងប្រពៃណីនិងការអភិវឌ្ឍ ប្រកបដោយចីរភាព ធានាគុណភាពសម្រាប់អ្នកបរិភោគ និងជំរុញភាពប្រកួតប្រជែង ក្នុងវិស័យកសិកម្មនៅកម្ពុជា” ។
ប្រហុកសៀមរាប គឺជាផលិតផល ដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេស ដូចទៅនឹងម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃមណ្ឌលគិរីផងដែរ។ ការលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជាក្នុងការលើក កម្ពស់អត្តសញ្ញាណផលិតផលនិងគាំទ្រ ដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាម ជនបទ។
ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់ នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យ អាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំក្នុងស្រុកប្រកបដោយឱជារស។ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ ជីវភាពរស់នៅ របស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះ របស់កម្ពុជា នៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់ នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕
