ព័ត៌មានជាតិ

គ្រោះរញ្ជួយដីនៅថៃ៖ អ្នកនាំពាក្យក្រសួងការងារ​ ឆ្លើយតបទៅនឹងករណីផ្សាយថា រកឃើញសពពលរដ្ឋខ្មែរនៅថៃ (Video)

ភ្នំពេញ៖​ លោក​ ស៊ុន​ មេសា​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ថ្លែង​ឱ្យ​ដឹង​ថា​ ម្សិលមិញនេះ មានការផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា រកឃើញសពជនជាតិខ្មែរនៅបាក់រលំក្នុងទីក្រុងបាងកក។ ការពិតនៃរឿងនេះ គឺអាជ្ញាធរថៃបានរកឃើញសពម្នាក់ ដែលមើលមិនស្គាល់អត្តសញ្ញាណ ហើយបានឃើញឯកសាររបស់ពលករខ្មែរ នៅទីតាំងក្បែរៗគ្នានោះដែលមានឈ្មោះថា គិម សី ប៉ុន្តែអាជ្ញាធរថៃ មិនទាន់បញ្ជាក់ថាជាជនជាតិថៃ ភូមា ឬខ្មែរនៅឡើយទេ ដោយអាជ្ញាធរថៃត្រូវការពិនិត្យ និងផ្ទៀងផ្ទាត់ DNA ទើបអាចបញ្ជាក់បាន។

លោក​ ស៊ុន​ មេសា​ គូស​បញ្ជាក់​ថា​ ក្រសួងការងារ បាននិងកំពុងតាមដាន និងយកចិត្តទុកដាក់ ព្រមទាំងសម្របសម្រួលជាប្រចាំតាមការចាំបាច់ ក្នុងជួយសម្រួលបងប្អូនសាច់ញាតិពលករទាំងការធ្វើដំណើរ និងសម្រួលឯកសារជាដើម។ រឿងគ្រោះរញ្ជួយដីនេះ ជាការរឿងគ្រោះធម្មជាតិ គួរឱ្យសង្វែកណាស់ទាំងខ្មែរ ថៃ និងភូមា។

ជាមួយគ្នានេះ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ សូមបន្តអំពាវនាវដល់ប្រជាពលរដ្ឋមេត្តាបន្តទុកចិត្ត និងជឿជាក់លើក្រសួងការងារ និងស្ថានទូតខ្មែរប្រចាំនៅថៃលើករណីនេះ។ មន្ត្រីយកចិត្តទុកដាក់ណាស់ មិនទុកប្រជាជនចោលដោយមិនទទួលខុសត្រូវឡើយ។ សូមបងប្អូនរងចាំទទួលព័ត៌មានជាក់លាក់ និងត្រឹមត្រូវពីក្រសួងការងារ តាមផេកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី និងអ្នកនាំពាក្យក្រសួង៕

To Top