ព័ត៌មានជាតិ

ទូតបារាំង នឹងខិតខំចរចា លើការអនុគ្រោះពន្ធ រាល់ទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង

ភ្នំពេញ៖ លោក ហ្សាក់ ប៉េឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមប្រទេសបារាំង ជាសមាជិកមួយ​ ក្នុងសហភាពអ៊ឺរ៉ុប ហើយកម្ពុជា គឺជាដៃគូមួយរបស់សហភាពអ៊ឺរ៉ុបដែរនោះ បារាំង នឹងខិតខំប្រឹងប្រែងចរចា លើការអនុគ្រោះពន្ធ លើទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសបារាំង ខណៈដែលអ៊ឺរ៉ុប បើកទូលាយចំពោះកម្ពុជា ក្នុងការនាំចូលទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ ។

ការលើកឡើង របស់លោកឯកអគ្គរដ្ឋទូតបារាំង ខាងលើនេះធ្វើឡើង ក្នុងវេទិកាសារព័ត៌មានស្តីពី «ទំនាក់ទំនងការទូតកម្ពុជា-បារាំង និងការអភិវឌ្ឍនៅកម្ពុជា» ដែលបានប្រព្រឹត្តទៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណស្ថានទូតបារាំងផ្ទាល់ ។

ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបារាំង បានគូសបញ្ជាក់ថា ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជា និងបារាំង មានប្រហែលជា១,៥ពាន់លានអឺរ៉ូ ក្នុងនោះ៩០% គឺការនាំចេញពីកម្ពុជា ទៅកាន់ប្រទេសបារាំង ។

បន្ថែមលើនេះ លោកទូត បានថ្លែងថា ប្រទេសបារាំង គឺជាប្រទេសទី១ នៅអឺរ៉ុប ដែលនាំចូលអង្កររបស់កម្ពុជា និងផលិតផលវាយនភណ្ឌ ហើយនិងព្យាយាមធ្វើយ៉ាងណា ធ្វើឱ្យមានពិពិតកម្ម នៃការនាំផលិតផលកម្ពុជា ទៅប្រទេសបារាំងផងដែរ ។

ក្នុងនោះលោកហ្សាក់ ប៉េឡេ គូសបញ្ជាក់ថា លំហរអ៊ឺរ៉ុប គឺជាលំហរមួយ ដែលបើកទូលាយបំផុត​ សម្រាប់ប្រទេសកម្ពុជា គឺអនុញ្ញាឱ្យកម្ពុជា នាំចូលផលិតផលទាំងអស់លើកលែងតែអាវុធ ។

លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា “ដោយសារតែប្រទេសកម្ពុជា ស្ថិតក្នុងឋានៈជាប្រទេស មានការអភិវឌ្ឍតិចតួច ហើយប្រទេសកម្ពុជា នឹងចាក់ចេញពីឋានៈនៃប្រទេសអភិវឌ្ឍតិចតួចនេះ នៅឆ្នាំ២០២៩ខាងមុខ និងដោយសារកម្ពុជា ក៏ជាដៃគូរបស់សហភាពអ៊ឺរ៉ុប ហើយនៅក្នុងនោះ ក៏មានបារាំងផងដែរ ដូច្នេះយើងធ្វើមិចចរចា ដើម្បីឱ្យកម្ពុជា ទទួលបានការអនុគ្រោះពន្ធ គឺគេហៅថា GFP” ។

តបតាមការអំពាវនាវ​ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយប្រធានាធិបតីបារាំង ដែលជំរុញឱ្យវិនិយោគរបស់បារាំងនៅកម្ពុជា មានការកើនទ្វេដង នៅឆ្នាំ២០៣០ ក្នុងនោះលោក ហ្សាក់ ប៉េឡេ យល់ឃើញថា នឹងអាចធ្វើបានច្រើនជាងនេះ និងប្រសើរជាងអ្វី ដែលកំពុងមាន នាពេលបច្ចុប្បន្នផងដែរ ។

យោងតាមរបាយការណ៍របស់ស្ថានទូតបារាំង បានបញ្ជាក់ថា ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី​ រវាងបារាំង និងកម្ពុជា បានកើនឡើង៨,៣% កាលពីឆ្នាំ២០២៤ ស្មើនឹងចំនួន១,៤៨ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២៤។ ក្នុងចំនួនទឹកប្រាក់នេះ ប្រទេសបារាំង មានឱនភាពពាណិជ្ជកម្ម ចំនួន១,២៣ពាន់លានអឺរ៉ូ។ ចំណែកឯលំហូរ វិនិយោគផ្ទាល់មកពីប្រទេសបារាំង មានការកើនឡើងខ្លះៗ (១២លានអឺរ៉ូនៅចុងឆ្នាំ២០២៣)។

គួរឱ្យដឹងថា ក្រុមហ៊ុនបារាំង មានវត្តមានជាច្រើន នៅកម្ពុជា ដោយមានចំនួន៤០០ ដែលកាន់កាប់ឬគ្រប់គ្រង ដោយសហគ្រិនបារាំង និងសហគ្រិន បារាំង-កម្ពុជា រួមទាំងក្រុមហ៊ុនធំៗជាច្រើន ដូចជា Total, Vinci និង Accor។ ក្រុមហ៊ុនបារាំងនៅកម្ពុជា ដើរតួនាទីក្នុងការអភិវឌ្ឍផ្នែកជាច្រើន​ នៃវិស័យសេដ្ឋកិច្ច (រួមមានសំណង់ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល ជាពិសេស ទេសចរណ៍) ហើយជាក្រុមហ៊ុនគម្រូផ្នែកទំនួលខុសត្រូវសង្គម និងបរិស្ថាន ។ វេទិការធុរកិច្ចបារាំង-កម្ពុជា ដែលធ្វើ ឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីពង្រឹងបម្លាស់ប្តូរ រវាងប្រទេសទាំងពីរ ត្រូវបានរៀបចំកាលពីខែកក្កដា ឆ្នាំ២០២៤ ៕

To Top