ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការវិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ពិធីសំខាន់ៗចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សា លើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យ សម្រាប់កម្មករ និយោជិតវ័យក្មេង នៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកប ដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

កម្មវិធីដ៏អធិកអធមនេះ មានការអញ្ជើញចូល រួមជាអធិបតីពីលោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងពលកម្មកុមារ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាងអន្តរក្រសួងស្ថាប័ននៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យឯកជន, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០រូប។

ថ្លែងនៅក្នុងអង្គពិធី លោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៅក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញាស្នូលទាំងប្រាំបី របស់អង្គការអន្តរជាតិខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍សម្រាប់កុមារ លើកកម្ពស់សិទ្ធិការងារ របស់កម្មករ និយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារនៅគ្រប់ខ្សែ ច្រវាក់ផលិតកម្ម។

បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ថា ការរៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន (១) ជំរុញចលនាសង្គមប្រឆាំង នឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើ ប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង(៣) បង្ហាញពីវឌ្ឍនភាព និង សមិទ្ធផលដែលសម្រេច បានរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ ធ្ងន់ធ្ងរនៃពលកម្មកុមារ។

ជាមួយគ្នានេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ ២០១៦-២០២៥ ជាមួយនឹងលទ្ធផល គួរជាទីមោទនៈ។ សម្រាប់លោកស្រី សមិទ្ធផលទាំងនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយទំនួល ខុសត្រូវខ្ពស់ របស់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិដែលមានមនសិការមុតមាំក្នុងការចូលរួមជាធ្លុងមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ជាពិសេស ការបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងបន្តសកម្មភាពនានាដែលគាំទ្រ ដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលឆ្ពោះទៅការបញ្ចប់ពលកម្មកុមារនៅកម្ពុជា ដូចមានចែងនៅ ក្នុងគោលដៅអភិវឌ្ឍន៍ សកលប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រៅពីការឡើង ថ្លែងសុន្ទរកថាពីគណៈអធិបតី ក៏មានការប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ នូវចលនាប្រឡង ប្រណាំង «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ទៅដល់វិស័យឯកជនដែលបានចូលរួម ជាចលនាជាតិ ជាមួយរដ្ឋាភិបាលក្នុងការ មិនប្រើប្រាស់ពលកម្មកុមារផងដែរ ៕





