ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចាប់អារម្មណ៍ជាខ្លាំង នូវរចនាបថ របស់អាកាសយានដ្ឋាន អន្ដរជាតិតេជោ ដែលពិតជាអស្ចារ្យ

ភ្នំពេញ៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិននឹកស្មានថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមទ្ធិលផល នូវអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានរចនាបថ និងមានភាពធំស្គឹមស្គៃ យ៉ាងអស្ចារ្យបែបនេះ។

ការបង្ហាញចំណាប់ របស់លោកឯកអគ្គរដ្ឋទូតបារាំងខាងលើនេះ ធ្វើឡើងបន្ទាប់ពី លោកឯកអគ្គរដ្ឋទូត បានដឹកនាំគណប្រតិភូ និងបណ្តាវិនិយោគិនមួយចំនួន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន​ភាព ​នៃ​ដំណើរ​ការ​សាង​សង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៃស្ថានទូតបារាំង អ្នកឧកញ៉ា ឆារស៍ វ៉ាន់ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក Jacques Pellet សង្ឃឹមថា នឹងទាក់ទាញក្រុមហ៊ុនបារាំងមួយចំនួន មកបន្ថែមទៀត ដើម្បីចូលរួមក្នុងការវិនិយោគ នៅក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោផង និងនៅក្នុងប្រទេសកម្ពុជាផង។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានប្រាប់ថា ក្រោយពីចុះពិនិត្យរួចមក លោកឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍ រំភើបយ៉ាងខ្លាំង ដោយមិននឹកស្មានថា រាជរដ្ឋាភិបាលកម្ពុជា សាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ បានយ៉ាងអស្ចារ្យបែបនេះ។

គួរឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

សូមបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលកម្ពុជា បានប្រកាសថា ការបើកឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ ធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធជាផ្លូវការ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕

To Top