ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ឱ្យបញ្ឈប់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល

ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានជំរុញ ឱ្យមានការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល។

យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កន្លងមកនេះមានការផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងឱសថផ្សេងៗទៀត ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ព្រមទាំងបានប្រើប្រាស់ខ្លឹមសារ ផ្សព្វផ្សាយបំផ្លើសហួសពីការពិត ដែលនាំឱ្យប្រជាពលរដ្ឋ មានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់សុខភាពផងដែរ។

ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសុខភាពសាធារណៈ កាត់បន្ថយផលអវិជ្ជមាន នៃការប្រើប្រាស់ផលិតផលបំប៉នសុខភាព និងឱសថដែលគ្មានប្រភពច្បាស់លាស់ ក្រសួងព័ត៌មាន សូមអំពាវនាវ និង ស្នើសុំម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទាំងអស់ចូលរួមសហការ និងអនុវត្តដូចខាងក្រោម ៖

ទី១- បញ្ឈប់ការផ្សព្វផ្សាយលក់ផលិត ផលបំប៉នសុខភាពឈ្មោះ LIVA BALANCE និងលុបមាតិកា ដែលបានផ្សព្វផ្សាយ កន្លងមកពាក់ព័ន្ធនឹង ផលិតផលខាងលើ និងឱសថគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាល ។

ទី២- រាល់ការផ្សព្វផ្សាយផលិតផលឱសថ ត្រូវពិនិត្យឱ្យបានច្បាស់លាស់លើលេខបញ្ជីកា និងមានការអនុញ្ញាត ពីក្រសួងសុខាភិបាល៕

To Top