ភ្នំពេញ ៖ ក្នុងរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តី និងអាជ្ញាធរ មូលដ្ឋាន បានបន្តចុះផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋ នូវសារៈសំខាន់ នៃការចូលរួម អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ -មានសុវត្ថិភាពបានចំនួន ៣ពាន់លើក នៅទូទាំងប្រទេស ។ តាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សកម្មភាពនេះបានប្រព្រឹត្តទៅ នៅតាមវេទិកា សាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួម ពីប្រជាពលរដ្ឋជាង ១សែននាក់ ។
ខ្លឹមសារស្នូល នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺជំរុញពលរដ្ឋចូលរួមទប់ស្កាត់ និងរាយការណ៍បទល្មើស ក្នុងសង្គម ជំរុញការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាត ត្បាតកាចសាហាវ។
ឆ្លើយនឹងសំណួរថាហេតុអ្វី បានជាមន្ត្រីតាមមូលដ្ឋាន ខិតខំចុះផ្សព្វផ្សាយគោល នយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរៀងរាល់ថ្ងៃយ៉ាងដូច្នេះ? លោក ទូច សុឃៈ បានពន្យល់ យ៉ាងសង្ខេបថា គោលនយោបាយនេះ ជាយន្តការគន្លឹះ ដើម្បីធានាភាពកក់ក្ដៅ និង ភាពសុខដុម ក្នុងសហគមន៍ និងជាមរតកយន្តការមួយ ដែលរាជរដ្ឋាភិបាល នីតិកាលកន្លងទៅ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុវត្តទទួលបានលទ្ធផល គាប់ប្រសើរជាបន្តបន្ទាប់។
អ្នកនាំពាក្យរងរូបនេះ បានអះអាងថា ឈរលើមូលដ្ឋាន នៃការអនុវត្តរបស់រាជរដ្ឋាភិបាល នីតិកាលកន្លងទៅ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមាន អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការ បានបន្តយកចិត្តទុកដាក់ ជំរុញឱ្យមន្ត្រីគ្រប់មូលដ្ឋាន ដឹកនាំនិងអនុវត្តគោលនយោបាយនេះ ឱ្យសកម្មនិងមានគុណភាព ដើរទន្ទឹមគ្នានឹងការបំផុស ប្រជាពលរដ្ឋចូលរួមគាំទ្រ តាមរយៈការមិន ប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីបទល្មើស និងការតាមដានផ្ដល់យោបល់ លើការអនុវត្តគោលនយោបាយ នេះរបស់អាជ្ញាធរ៕
