ព័ត៌មានជាតិ

សម្តេចតេជោ ៖ អាកាសយានដ្ឋាន អន្តរជាតិតេជោ ជាច្រកទ្វារថ្មី របស់កម្ពុជា ឆ្ពោះទៅពិភពលោក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា មានប្រសាសន៍ថា “អាកាសយានដ្ឋានអន្តរជាតិតេជោ” ដែលជាស្នាដៃដ៏ធំ និងជាមោទកភាពថ្មីមួយរបស់កម្ពុជាបានប្រកាសបើកដំណើរការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺជាការបោះជំហានដ៏សំខាន់មួយ សម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួនមកជំនួស តួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ ដ៏សំខាន់សម្រាប់កម្ពុជា ទៅកាន់ពិភពលោក។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកសម្តេចតេជោលើកឡើងថា ជើងហោះហើរដំបូងគេ ចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ខណៈក្រុមហ៊ុនអាកាសចរណ៍ Korean Air គឺជាជើងហោះហើរ ចុងក្រោយគេបង្អស់ ដែលចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។

សម្តេចតេជោបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ លក្ខណៈសម្គាល់ដ៏សំខាន់មួយរបស់អាកាសយានដ្ឋាននេះ គឺត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុត នៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋាន អាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ។ ក្នុងដំណាក់កាលទី១ ព្រលានយន្តហោះថ្មីនេះមានសមត្ថភាពអាចទទួលអ្នកដំណើរ បានរហូតដល់១៣លាននាក់ក្នុងមួយឆ្នាំ និងដោះស្រាយទំនិញបាន ២៦,០០០ តោន។

សម្តេចតេជោមានប្រសាសន៍ បន្ថែមថា វិស័យអាកាសចរណ៍ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើនដែលអាចភ្ជាប់ទំនាក់ទំនងរបស់អ្នកទេសចរ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ប្រទេស ពិសេសឈរលើគោលនយោបាយ យ៉ាងជាក់លាក់ក្នុងការ ទាក់ទាញការវិនិយោគ ទំនាក់ទំនង ការទូត និងគោលដៅផ្សេងៗរាប់មិនអស់ ។ ដូចនេះ កម្ពុជាក៏បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្ម ក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការ បម្រើដល់សេចក្តីត្រូវការ កំណើន នៃការធ្វើដំណើរ តភ្ជាប់ទំនាក់ទំនងយ៉ាង សកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅ មកកាន់កម្ពុជា៕

To Top