ព័ត៌មានជាតិ

កម្ពុជា ទទួលស្វាគមន៍អ្នកដំណើរ មកដល់អាកាសយានដ្ឋាន អន្តរជាតិតេជោ យ៉ាងអធិកអធម ក្នុងថ្ងៃបើកដំណើរការ និងសម្ពោធជើងហោះហើរដំបូង

កណ្តាល​៖ សមទ្ធិផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលជាអាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការហើយ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីទទ្ទឹងរង់ចាំអស់ ជាយូរមកហើយ ខណៈដែលថ្ងៃដំបូង នៃការសម្ពោធជើងហោះហើរដំបូង ជាមួយជើងហោះហើរទី១ ចុះចតមុនគេ របស់អាកាសចរណ៍ AIR CAMBODIA និងជើងទី២ របស់ក្រុមហ៊ុន SINGAPORE AIRLINE របស់សិង្ហបុរី ។

ក្នុងថ្ងៃដំបូងនៃការបើកដំណើរការហោះហើរ នៅអាកាសយានដ្ឋានថ្មីនេះ ត្រូវបានថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ជាពិសេស លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងអភិបាលរាជធានី-ខេត្តទាំង៣ រួមមានខេត្តកណ្តាល ភ្នំពេញ និងតាកែវ ដែលជាប់ពាក់ព័ន្ធ បានអញ្ជើញមកទទួលស្វាគមន៍ ព្រមទាំងប្រគល់ ជូនវត្ថុអនុស្សាវរីយ៍ ដល់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកដល់ តាមជើងហោះហើរទាំងពីរ ខាងលើផងដែរ ។

ក្នុងឱកាសបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ ឃើញថាទទួលបានការស្វាគមន៍ និងអបអរសាទរ ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន តួរយ៉ាងអ្នកដំណើរដែលបានឆ្លងកាត់ សុទ្ធតែលាន់មាត់សរសើរពីសមទ្ធិផលថ្មីនេះ ស្ទើរមិនដាច់ពីមាត់ ចំណែកពលរដ្ឋកម្ពុជា ក៏បានសម្តែងនូវមោទកភាព ជាមួយសមទ្ធិផលថ្មីនេះផងដែរ ។

ជាមួយគ្នានេះ តាមរយៈបណ្តាញ សង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃនេះ ក៏បានផ្ញើសារ អបអរសាទរអាកាសយានដ្ឋាន អន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការ បម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជា ទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

សម្តេចធិបតី ក៏បានចាត់ទុក វិស័យអាកាសចរ គឺជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនមួយ ក្នុងចំណោមមធ្យោបាយជាច្រើន ដែលអាចភ្ជាប់ទំនាក់ទំនង របស់អ្នកទេសចរណ៍ ធុរកិច្ច នយោបាយ និងបេសកកម្មពហុបំណង និងជាប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ប្រទេស ពិសេសឈរលើគោល នយោបាយយ៉ាងជាក់លាក់ ក្នុងការទាក់ទាញការវិនិយោគ ទំនាក់ទំនងកាទូត និងគោលដៅផ្សេងៗរាប់មិនអស់។

ដោយឡែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីរបស់កម្ពុជា ឆ្ពោះទៅកាន់ពិភពលោក ។

តាមរយៈបណ្តាញសង្គម របស់សម្តេចតេជោ បានគូសបញ្ជាក់ថា ការបើកដំណើរការ «អាកាសយានដ្ឋានអន្តរជាតិតេជោ» គឺជាការបោះជំហាន ដ៏សំខាន់មួយ សម្រាប់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានចូលខ្លួន មកជំនួសតួនាទីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ ដ៏សំខាន់សម្រាប់កម្ពុជា ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដី ដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីកណ្ដាលក្រុង ។ លក្ខណៈសម្គាល់ដ៏សំខាន់មួយ របស់អាកាសយានដ្ឋាននេះ គឺវាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុត នៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ។ ជាមួយនឹងចំណាត់ថ្នាក់នេះ អាកាសយានដ្ឋានអាចទទួលយន្តហោះគ្រប់ប្រភេទ រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380 និង Boeing 747 ផងដែរ៕

To Top